សិល្បៈ និង កម្សាន្ត

Olivia Kong ឆួលចុងច្រមុះ ចំពោះសិស្សខ្មែរខ្លះ ក្រោយសិស្សដើរម៉ូដ ពីប្រទេសចំនួន ៦ សរសើរកម្ពុជា

អ្នកច្នៃម៉ូដ និងដើរម៉ូដ Oliva Kong ទើបទទួលស្វាគមន៍ សិស្សដើរម៉ូដ ពីបណ្ដាប្រទេស នៅអាស៊ី និងប៉ែកអ៊ឺរ៉ុបមួយចំនួន ដើម្បីបណ្ដុះបណ្ដាល ផ្នែកដើរម៉ូដនៅកម្ពុជា ។ ស្រាបពេលគ្នានេះ លោកក៏ទទួលបានពាក្យ កោតសរសើរពីកូនសិស្ស បរទេសទាំងនោះថា ប្រទេសកម្ពុជាតូចមែន ប៉ុន្ដែសម្បូរធនធានសិល្បៈ ។

តាមរយៈគណនីហ្វេសប៊ុក របស់លោកកាលពីល្ងាចមិញ Oliva ឲ្យដឹងថា កូនសិស្សរបស់លោកដែលធ្វើដំណើរ តាមយន្ដហោះពីសហរដ្ឋអាមេរិក ជប៉ុន ចិន ថៃ វៀតណាម និងរុស្សី បាននិយាយនៅចំពោះមុខលោកថា ពួកគេពិតជាមានមោទនភាព ដែលបានឃើញប្រទេសកម្ពុជា សម្បូរធនធាន សិល្បៈខ្លាំងៗបែបនេះ។

ក្រោយពីបាន ឮពាក្យ កោតសរសើរក៏ក្រៃលែងនេះ Oliva ក៏ឆ្លៀតនិយាយដាស់តឿន ទៅកាន់សិល្បករ-សិល្បការិនីខ្មែរមួយចំនួនថា កន្លងទៅមាន សិស្សដើរម៉ូដ ខ្លះហ្វឹកហាត់ជាមួយលោករាប់ឆ្នាំ ពោលគឺតាំងពីមិនទាន់ចេះដើរ រហូតដល់ដើរបានស្អាត ប៉ុន្ដែពេលគេមានសមត្ថភាព គេហោះទៅរៀន នៅបរទេស២ ឬ៣សប្ដាហ៍ ក៏ស្រាប់តែឲ្យក្រេឌីត ឬឲ្យតម្លៃគុណភាពសិក្សាទៅបរទេសទៅវិញ។

ក្នុងនាមជាអ្នកស្រឡាញ់ការដើរម៉ូដ និង ច្នៃម៉ូដខ្មែរមួយរូប លោក Oliva Kong ចង់ឃើញសិល្បករ-សិល្បការិនីខ្មែរ ដែលមានឱកាសច្រើន ក្នុងការផ្សព្វផ្សាយសិល្បៈ ឬវប្បធម៌ខ្មែរទៅកាន់ឆាកអន្ដរជាតិ គួរគោរពស្រឡាញ់អ្វី ដែលជារបស់ខ្មែរ ហើយគាំទ្រ ឬលើកទឹកចិត្ដខ្មែរគ្នាឯង ឲ្យពិតប្រាកដ ជាជាងនិយាយតែមាត់ ៕

Most Popular

To Top