ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ឃី ឆៃឡេង ដែលជាអ្នកគប់ទឹកកកលើលោក ងួន ចាន់ដាវីត នៅក្នុងផាប់មួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន បានចេញមុខទទួលស្គាល់កំហុស និងសំទោសជាសាធារណៈ ចំពោះអកប្បកិរិយាមិនសមរម្យរបស់ខ្លួន ។
ការចេញមុខសំទោសជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីតារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេវីត បានប្រកាសទុកពេល ៨ម៉ោង ឲ្យជនបង្កដែលបានគប់ទឹកកកមកលើរូបលោក ក្នុងហាងផាប់មួយកន្លែង ចូលខ្លួនមកដោះស្រាយ។
តាមរយៈសារសុំទោសជាសាធារណៈ ដែលបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី១ សីហា លោក ឃី ឆៃឡេង បានសរសេររៀបរាប់ថា «ខ្ញុំបាទឈ្មោះ ឃី ឆៃឡេង សូមធ្វើការសុំទោសជាសាធារណះទៅកាន់លោក ជី ដេវីត តារាចម្រៀងរ៉េបនៃព្រះរាជាណាចក្រកម្ពុជា ក៌ដូចជាហ្វេនរបស់លោកទាំងអស់គ្នាផងដែរ ដោយរូបខ្ញុំបាទបានប្រព្រឺត្តខុសកាលពីយប់ថ្ងៃទី២៩ចូលថ្ងៃទី៣០កន្លងមកនៅក្នុងផាប់មួយនៅក្នុងខេត្តព្រះសីហនុដែលអមដោយរូបភាព និងអកប្បកិរិយាមិនសមរម្យទៅដល់លោក ជី ដេវីត និង ហ្វេនៗរបស់គាត់ដ៌ទៃទៀត» ។
លោកបន្តថា «ខ្ញុំបាទសូមទទួលស្គាល់នូវកំហុសខុសឆ្គងទាំងអស់ដែលបានប្រព្រឹត្ត ហើយក៌សូមសន្យាថានិងមិនអោយមានទង្វើរបែបនេះកើតឡើងម្តងទៀតឡើយ។ ជាថ្មីម្តងទៀតសូមលោក ជី ដេវីត និង ហ្វេនៗផ្តល់នូវការអភ័យទោសដល់រូបខ្ញុំបាទបានកែប្រែសារជាថ្មី! សូមទទួលនូវការសុំទោស និង គោរពពីខ្ញុំបាទ!បញ្ជាក់៖ មិត្តនៅរួមតុខ្ញុំទាំងអស់ពួកគាត់មិនដឹងរឿងទាំងនេះទេ» ។
ប្រវត្តិនៃដំណើររឿង៖ តារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត ទុកពេល ៨ម៉ោង ឲ្យជនបង្កដែលគប់ទឹកកក លើរូបលោកចូលខ្លួនមកដោះស្រាយ
ភ្នំពេញ៖ តារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេវីត បានប្រកាសទុកពេល ៨ម៉ោង ឲ្យជនបង្កដែលបានគប់ទឹកកកមកលើរូបលោក ក្នុងហាងផាប់មួយកន្លែង ចូលខ្លួនមកដោះស្រាយ។
ការប្រកាសរបស់តារាចម្រៀងរ៉េបរូបនេះ ធ្វើឡើងបន្ទាប់ពីរូបលោកកំពុងតែច្រៀង នៅក្នុងផាប់មួយកន្លែង កាលពីម៉ោង ១២:៤១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានបុរសម្នាក់បានយកដុំទឹកកក គប់មកលើរូបលោក ។
លោក ជី ដេវីត បានបញ្ជាក់តាមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១ សីហានេះថា «ថ្ងៃនេះ បន្ទាប់ពីខ្ញុំបានមើល Security Video ខ្ញុំពិតជាតក់ស្លុត និងហួសចិត្តជាមួយអាកប្បកិរិយាគួរអោយខ្ពើ.មរអើមពោរពេញដោយការមើលងា.យ ជិះជាន់តម្លៃមកលើរូបខ្ញុំជាអ្នកសិល្បៈខ្លាំងណាស់ គឺខ្លាំងហួសពីការស្មាន។ និយាយដោយស្មោះត្រង់ ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លើកលែង ក៏មិនចង់បន្តផុស សឹងតែថាអោយកន្លងហួស ហើយក៏ចប់ទៅចុះ ប៉ុន្តែដោយកម្លាំងអ្នកគាំទ្រ និងមហាជន ខ្ញុំមិនអាចប្រើប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពា.លដូចអ្នកបាននោះទេ វាហាក់ដូចជាមិនគប្បីទាល់តែសោះ បើខ្ញុំនៅតែចចេសចង់លើកលែង»។
លោកបន្តថា «ខ្ញុំជាមនុស្សរឹងមាំ គ្រប់បញ្ហាតែខ្ញុំក៏មាន បេះដូងឈឺចាប់នឹងទង្វើថោ.កទាបបែបនេះដែរ ដោយហេតុខ្ញុំផ្ទាល់បានជួបរឿងនេះ ខ្ញុំនឹងក្រោកឈរជាសិល្បករម្នាក់ ដើម្បីលុបបំបាត់ការមើលងា.យ មើលថោ.កដល់សិល្បករ និងសិល្បការិនីដទៃទៀត ក៏ដូចជាក្រោកឈរ ដើម្បីមហាជន និងអ្នកគាំទ្ររបសខ្ញុំ។ ខ្ញុំសូមអរគុណបងប្អូន ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថា ជននេះនឹងចូលខ្លួនសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់ខ្ញុំ និងមហាជន ពីទង្វើថោ.កទាបរបស់ខ្លួន ហេតុដែលខ្ញុំនិយាយដូចនេះ ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំ គឺវាមិនមានតម្លៃអ្វីអាចផ្សះផ្សារអារម្មណ៍ឈឺចាប់របស់ខ្ញុំបានទេ បើផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ»។
លោកបញ្ជាក់ថា «ខ្ញុំនឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូន បើគ្មានដំណោះស្រាយក្នុងពេល៨ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ។ ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដប កែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង»។
តារាចម្រៀងរ៉េបរូបនេះបន្ថែមថា «ក្នុងរូបភាពខាងក្រោមនេះ ជាផ្នែកមួយនៃអាកប្បកិរិយារបស់បុរសកំណាចក្នុងអំឡុងពេលដែលខ្ញុំកំពុងច្រៀងនៅម៉ោង (១២:៤១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣) ជនបង្កគឺបុរសសង្ហាលើកដៃម្រាមកណ្តាលនោះឯង។ ខ្ញុំសូមអរគុណដល់ PUB ដែលបានសហការផ្តល់ជា Video ដល់ខ្ញុំ ខ្ញុំពិតជាអរគុណសម្រាប់តឹកតាងដ៏សំខាន់នេះ។ ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូន និងមហាជន ។ ពីខ្ញុំបាទ ងួន ចាន់ ដាវីត» ៕