សិល្បៈ និង កម្សាន្ត

មនុស្ស​រាប់​ម៉ឺន កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង លើ​រឿង​អប់រំ “កុំសំពះនំ មុនសំពះ អ្នកមានគុណ”

រឿងអប់រំខ្លីដែលមានអត្ថន័យ និយាយអំពីថ្ងៃខួបកំណើត មានចំណងជើងថា “កុំសំពះនំមុនសំពះ អ្នកមានគុណ” របស់អ្នកដឹកនាំសម្ដែង វ័យក្មេងលោក យុទ្ធ សំភ័ស្ត និងក្រុមការងារ Chakra Studio ដែលបានបង្ហាញពី សង្គមជាក់ស្ដែង ហ្នឹងកំពុងទទួលបានការគាំទ្រ ពីទស្សនិកជនយ៉ាងខ្លាំង ។

ត្រឹមតែរយៈពេល 2ថ្ងៃ មានអ្នក Like រហូតដល់ 12 ម៉ឺន 7ពាន់នាក់ជាង អ្នកចែករំលែក 7ម៉ឺន២ពាន់នាក់ ហើយ comment គាំទ្រក៏ដូចជាកោត សរសើរចំនួន 3ពាន់ comment អ្នកដឹកនាំសម្តែងវ័យក្មេង លោក យុទ្ធ សំភ័ស្ត បានបង្ហាញពីភាពភ្ញាក់ផ្អើល និងមោទកភាពជាខ្លាំងក្រោយរឿងបែប អប់រំខ្លី «កុំសំពះនំ មុនសំពះអ្នកមានគុណ» ដែលជាការផលិតរបស់ ចក្រា ស្ទូឌីយោ (Chakra Studio) និងដឹកនាំរបស់ខ្លួន ទទួលការកោតសរសើរ និងគាំទ្រជាខ្លាំងពីទស្សនិកជន ។

ដោយឡែកសម្រាប់រឿងបែបអប់រំ “កុំសំពះនំ មុនសំពះអ្នកមានគុណ” ដែល​ជា​ការ​ផ្ដល់​យោបល់​ពី​លោក ចចកស នេះវិញ លោក យុទ្ធ សំភ័ស្ត បានបញ្ជាក់ថា គឺ​ជារឿងពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន ហើយ​រឿងនេះចង់អប់រំដល់មនុស្សក្នុងសង្គមយើង បច្ចុប្បន្នឱ្យដឹង និងយល់ច្បាស់ពីថ្ងៃខួបកំណើត កុំយកនំសំខាន់ជាងអ្នកមានគុណ ។

លោក ថ្លែងថា “ថ្ងៃកំណើតកូន ឪពុកម្តាយគ្រប់រូបទន្ទឹងរង់ចាំជួបមុខកូន ជាពិសេសម្ដាយតែម្តង គាត់លះបង់ច្រើនណាស់ ដូចពាក្យមួយដែលនៅក្នុងរឿង និយាយថា «ធ្វើកម្មវិធីខួបកំណើតប៉ាមិនហាម​ឃាត់ទេ តែកូនត្រូវដឹងគុណអ្នកដែលផ្តល់កំណើត ឱ្យកូន កុំសំពះនំមុនសំពះអ្នក​មាន​គុណណា​កូន”។

ចក្រា ស្ទូឌីយោ បើកបេះដូងចូលរួមចំណែក ជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី ។ ស្ទូឌីយោ នេះ ក៏មានឆន្ទះក្នុងការជួយលើក ស្ទួយវិស័យភាពយន្តខ្មែរ និងពាំនាំភាពយន្តខ្មែរ ទៅទីផ្សារបរទេសផងដែរ ក្រៅតែពីជោគជ័យក្នុងរឿងអប់រំខ្លី «កុំសំពះនំ មុនសំពះអ្នកមានគុណ» អ្នកដឹកនាំសម្តែងវ័យក្មេងរូបនេះ និងក្រុម ការងារ Chakra Studio ក៏ត្រៀមស្នាដៃជាច្រើនទៀតផងដែរ នឹងមានការបង្ហោះជូនទស្សនាក្នុងផេកផ្លូវការ Chakra Studio ឆាប់ៗខាងមុខនេះ នឹងមិនធ្វើឱ្យទស្សនិកជន ខកបំណងនោះទេ។

ដោយ​ឡែក​លោក យុទ្ធ សំភ័ស្ត បាននិពន្ធ និងដឹកនាំសម្ដែងរឿងជាច្រើន ហើយរាល់ស្នាដៃ របស់លោកក៏មានចាក់ ផ្សាយនៅលើបុស្តិ៍ទូរទស្សន៍ដូចជា Town tv, CTN, PNN ។ រឿងដែលលោក យុទ្ធ សំភ័ស្ត បានផលិតមានទាំងរឿងអប់រំខ្លី រឿងភាគ និងរឿងកំប្លែងជាដើម៕

Most Popular

To Top