ក្រោយមួយថ្ងៃ នៃការទម្លាយរូបថត ២សន្លឹកលើបណ្ដាញសង្គមដោយគណនីហ្វេសប៊ុកឈ្មោះ “មរតកកវី” គឺនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ សាមីខ្លួនខាងស្រី នៃរូបថតអនុស្សាវរីយ៍ដ៏កម្រជាមួយលោក កែវ សារ៉ាត់ បានចេញមុខបញ្ជាក់កាលបរិច្ឆេទ និងឱកាសដែលរូបថតទាំងនោះត្រូវបានផ្ដិតឡើង។

អតីតអ្នកចម្រៀងជើងចាស់ជំនាន់អធិរាជ្យសំឡេងទិព្វ កែវ សារ៉ាត់ គឺអ្នកស្រី គីម កល្យាណ រំលឹកថា រូបពីរសន្លឹកនេះ គឺជារូបភាពរបស់ កែវ សារ៉ាត់ និងរូបអ្នកស្រីផ្ទាល់ ដែលបានសម្ដែងរួមគ្នា នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៩។ អ្នកស្រី មិនចាំច្បាស់ថា លោក កែវ សារ៉ាត់ បានស្លាប់នៅឆ្នាំ១៩៩០ ឬឆ្នាំ១៩៩១ នោះទេ ប៉ុន្ដែបើគិតពីអាយុវិញ គឺលោក កែវ សារ៉ាត់ ប្អូនអ្នកស្រីប្រហែល៥ ឬ៦ឆ្នាំ។


រីឯប្រភពពី “មរតកកវី” បញ្ជាក់ថា រូបភាពដ៏កម្រដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមកនេះ គឺជារូបថតពិតរបស់អធិរាជ្យសំលេងទិព្វ កែវ សារ៉ាត់ ឡើងច្រៀងជាមួយអ្នកចម្រៀង គីម កល្យាណ នៅក្នុងវង់តន្ដ្រី ព្រាននារី នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៩។ រូបថតទើបតែគេប្រទះឃើញ ហើយបានចែករំលែកបន្ដគ្នាយ៉ាងព្រោងព្រាត៕
ប្រភព៖sabay
