ពិធីការិនីរបស់ស្ថានីយទូរទស្សន៍PNN យ៉ែម ស្រីពេជ្រ ទើបបញ្ចេញរូបថតដ៏គួរឲ្យទាក់ទាញមួយសន្លឹកតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ហើយបានបញ្ជាក់ពីមូលហេតុដែលកញ្ញាប្រើស្ដាយយកបង់បិទដំបៅទៅភ្ជាប់ជាមួយផ្កា ដើម្បីលម្អរខ្លួនក្នុងថ្ងៃខួបកំណើតឆ្នាំនេះ។

យ៉ែម ស្រីពេជ្រ បានចោទជាសំណួរទៅកាន់អ្នកគាំទ្រថា បងប្អូនមានឆ្ងល់អត់ថាហេតុអ្វីបានជានាង ប្រើConcept បែបនេះ? ដោយមិនទាន់មានអ្នកឆ្លើយផង ស្រពេជ្រ ក៏បកស្រាយខ្លួនឯងភ្លាមថា បង់បិទដំបៅ តំណាងឲ្យរឿងពិបាកៗ ឈឺចាប់ដែលយើងបានជួប និងឆ្លងកាត់វាមក។ រីផ្កា គឺតំណាងឲ្យរឿងល្អៗ ដែលបានលេចចេញមកជាបន្តបន្ទាប់ បើទោះបីជាវាពិបាកយ៉ាងណាក៏យើងអាចមានផ្លូវដោះស្រាយបានដែរ។

មិនបានបញ្ជាក់ ថាខួបកំណើតឆ្នាំនេះ គម្រប់អាយុប៉ុន្មាន ហើយមានធ្វើពិធីអ្វីធំដុំ ឬអត់នោះ យ៉ែម ស្រីពេជ្រ គ្រាន់តែបង្ហើបថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្លួន។ យ៉ែម ស្រីពេជ្រ ពោលថា៖ “ត្រូវចាំថា ជីវិតយើងមិនអាចធ្វើអ្វីបានរលូនរហូតនោះទេ”។

យ៉ែម ស្រីពេជ្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនតាមរយៈអាជីពសម្ដែង និងធ្វើជាពិធីការិនីរបស់ខ្លួន ខណៈដែលមិត្ដសិល្បៈមួយចំនួនសង្ស័យថា ស្រីពេជ្រ និងពូណុយ កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្ដែភាគីម្ខាងៗមិនទាន់ហ៊ានបើកចំហពេញមុខពេញមាត់។ តែស្ទើរគ្រប់កម្មវិធីទាំងនៅលើឆាក និងក្រៅឆាកដូចជា កម្មវិធីជប់លៀង ឬពិធីខួបកំណើតជាដើម គេតែងតែចំអន់ស្រីពេជ្រ ជាមួយពូណុយ៕



ប្រភព៖sabay
