អាវនេះជាឈ្មោះប្រភេទអាវមួយ ដែលសព្វថ្ងៃកម្រនឹងឃើញគេពាក់ណាស់ លើកលែងតែក្នុងពិធីខ្លះៗ ជាពិសេសនៅតាមភូមិ ឧទាហរណ៍ពិធីចូលម្លប់ (រូបលេខ១) ឬក៏ពិធីបុរាណកម្រិតជាតិ ឧទាហរណ៍ ព្រះរាជពិធីច្រត់ព្រះនង្គ័ល (រូបលេខ២)។ យើងអាចយល់បានយ៉ាងងាយថា ពីមុនមកអាវនេះគេនិយមពាក់ទូទៅជាធម្មតា ទោះជាយុវជនជំនាន់ក្រោយពុំបានប្រទះនឹងភ្នែកផ្ទាល់ក្តី ក៏គេអាចឃើញនៅក្នុងគំនូរតាមវត្តដែរ (រូបលេខ៣)។ ម៉្យាងទៀត ជនជាតិភាគតិចដែលរស់នៅលើទឹកដីខ្មែរជាយូរយារមកហើយ ក៏និយមខ្លាំងណាស់ដែរ ជាពិសេសពេលមានបុណ្យ ដូចជាជនជាតិចាម្បនៅខេត្តកំពង់ឆ្នាំងជាដើម ។

អាវនេះមានខ្លួនស្រដៀងនឹងបំពង់ រីឯដៃវែង ហើយស្តួចនៅខាងចុងដៃ។ នៅត្រង់ក្លៀកមានក្រណាត់មួយផ្ទាំងហៅថា “ហោប៉ៅ”។ នៅសងខាងខ្លួនមានក្រណាត់មួយផ្ទាំងហៅថា “ប៉ែក” រីឯនៅត្រង់ទ្រូង គេចាប់កូនចេញជារាងសត្វពីងពាង។

ដូចបានពោលមកហើយ ពីមុនមក មនុស្សស្រីមិនថាក្មេងឬចាស់ និយមអាវនេះជាពន់ពេក។ បើពាក់នៅពេលធ្វើការរាល់ថ្ងៃនៅផ្ទះ ឬនៅស្រែចម្ការ គេនិយមប្រើក្រណាត់ផាឌិបជ្រលក់ពណ៌ខ្មៅ ព្រោះងាយស្រួលនឹងបោកគក់ ហើយមើលទៅពុំសូវឃើញស្នាមប្រឡាក់ផង។ ក្នុងការងារស្រែចម្ការ អាវបំពង់វែងមានប្រយោជន៍ខ្លាំងណាស់ ដោយសារវែងរឹបជិតរាងកាយ ការពារថ្ងៃ ឬបន្លាស្បូវស្បាតផ្សេងៗ។ បើពាក់នៅពេលទៅបុណ្យវិញ គេប្រើក្រណាត់ពណ៌ឆើតឆាយល្អៗ ដូចជាព្រែដែលនាំមកពីស្រុកចិនជាដើម ហើយការដែលកាត់នោះក៏មានភាពសម្រិតសម្រាំងដែរ៕




ប្រភព៖sabay
