អតីត Miss Universe Cambodia 2017 ប៊ី សុធារី អន់ចិត្ដនឹងលោក ជិន សំណាង ដែលគ្រប់គ្នាស្គាល់ថា ជាថៅកែហាងពេជ្រ ហើយធ្លាប់លើកទឹកចិត្ដ និងគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ក្រោយពីថៅកែរូបនេះ និយាយថា ការប្រកួតវិស័យបវរកញ្ញា នៅលើឆាកអន្ដរជាតិ បេក្ខនារីកម្ពុជាមិនដែលឡើងដល់Top 5។

ការលើកឡើងបែបនេះ ត្រូវបានកញ្ញា ប៊ី សុធារី ដែលបច្ចុប្បន្នជាតារាសម្ដែងស្រី លេចធ្លោមួយរូប រួមទាំងអ្នកសិល្បៈមួយចំនួនទៀតផង បានចាត់ទុកលោក ជិន សំណាង ថាមានចេតនាបណ្ដុះបង្អាប់ ឬមិនឲ្យតម្លៃបវរកញ្ញាកម្ពុជា ដែលខិតខំប្រឹងប្រែងពាំនាំសិល្បៈ វប្បធម៌ខ្មែរតាំងពីថ្នាក់ជាតិ រហូតដល់អន្ដរជាតិ ដើម្បីឲ្យមហាជនបានស្គាល់ បែរជាត្រូវស្ដីបន្ទោសទៅវិញ។ សុធារី ថា គ្រប់គ្នាបានប្រែងប្រឹងហើយ តែធ្វើម៉េចមិនបានឡើងដល់Top។

តាមរយៈបណ្ដាញ សង្គម និងសារព័ត៌មាននានា គេមិនទាន់ឃើញលោក ជិន សំណាង ឆ្លើយតបនឹងការស្ដីបន្ដោសរបស់កញ្ញា ប៊ី សុធារី និងមិត្ដសិល្បៈមួយ ចំនួនទៀតទេ។ ប៉ុន្ដែនៅក្នុងវីដេអូ បង្ហាញពីចំណាប់អារម្មណ៍ខ្លីមួយនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាកម្ពុជាមួយកាលពីពេលថ្មីៗ ហើយត្រូវបានគេយកទៅចែក ចាយតាមបណ្ដាញ សង្គម បង្ហាញថា កាលពីឆ្នាំ២០១៧ ពោលគឺជំនាន់កញ្ញា ប៊ី សុធារី ចេញទៅប្រឡងលើឆាកអន្ដរជាតិ គឺដូចតែជាគ្រាន់តែ អមឆាកឲ្យគេ ៕

