អ្នកមេម៉ាយកូន១ ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ កាន់តែបង្កើតភាព ផ្អែមល្ហែមដាក់គ្នា បន្ទាប់ពីមានរឿងរកាំរកូស នឹងគ្នាកាលពីប៉ុន្មានសប្ដាហ៍មុន ។ ឥឡូវនេះ គ្រាន់តែឃ្លាតទៅណាមួយរយៈខ្លីសោះ ក៏ត្រូវផ្ដាំផ្ញើគ្នា មិនចង់ឃ្លាតឆ្ងាយពីគ្នាឡើយ ។ ប៉ុន្ដែមានភារកិច្ចជាប់ខ្លួន ឡុង ម៉ានីន បានលាសង្សារទៅបំពេញការងារ នៅប្រទេសថៃនៅថ្ងៃនេះ ។
តាមរយៈគណនី ហ្វេសប៊ុកផ្ទាល់ខ្លួន របស់អ្នកនាង ឡុង ម៉ានីន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា រូបនាងត្រូវបំពេញភារកិច្ចពីរ ក្នុងដំណើរបេសកកម្មតែមួយនេះ គឺទី១ត្រូវចូលវាំងប្រទេសថៃ ទទួលគ្រឿងឥស្សរយស និងទី២ ត្រូវចូលរួមកម្មវិធីដើរម៉ូត បង្ហាញគ្រឿងពេជ្រ។

ភ្ជាប់ជាមួយសារដែលបានបង្ហោះនៅថ្ងៃនេះ ឡុង ម៉ានីន និយាយថា ស្ដាយណាស់ដែល ថុល សុភិទិ អត់បានទៅមើលនាង ក្នុងដំណើរបំពេញភារកិច្ច ដ៏កម្រទាំងពីរនេះ នៅលើទឹកដីថៃ ។ ប៉ុន្ដែមុនចេញដំណើរ គេឃើញឡុង ម៉ានីន និងថុល សុភិទិ បានថើបលាគ្នា យ៉ាងមានក្ដីសុខ រហូតធ្វើឲ្យអ្នកគាំទ្រ មួយចំនួនលួចច្រណែន នឹងគូស្នេហ៍នេះទៀតផង ៕


