នៅក្នុងបទសម្ភាសន៍ ជាមួយនឹងសារព័ត៌មានអាល្លឺម៉ង់ Stern អតីតសមាជិក DRIPPIN គឹ Alex បានលាតត្រដាង អំពីជីវិតរបស់ខ្លួន នាមជាតារា K-Pop។
Alex តារាចម្រៀងកូនកាត់អាឡឺម៉ង់-កូរ៉េរូបនេះ បានបង្ហាញខ្លួនដំបូងលើសិល្បៈក្នុងឆ្នាំ ២០២០ ហើយបានចាកចេញ ពីក្រុមជាផ្លូវការនៅ ៣ ឆ្នាំក្រោយមក។ ទោះបីជាលោករីករាយ នឹងពេលវេលាលើឆាកក៏ពិតមែន ប៉ុន្តែលោកក៏ត្រូវធ្វើការសម្រេចចិត្ត ដ៏សំខាន់បំផុត ដោយត្រូវវិលត្រឡប់ទៅសាលារៀនវិញ ហើយរស់នៅក្នុងជីវិតជាជនធម្មតា ។
Alex បាននិយាយថា ៖ «ខ្ញុំមិនត្រូវបានអនុញ្ញាត ឱ្យនិយាយអំពីរឿងពិត នៅពីខាងក្រោយបានទេ ។ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺ “ខ្ញុំមានការព្រួយបារម្ភថា ខ្ញុំមិនបានអភិវឌ្ឍជាវិជ្ជមាន តាមការរំពឹងទុករបស់ខ្ញុំ” ។ ខ្ញុំចំណាយពេលយូរ ក្នុងការសម្រេចចិត្តចាកចេញ ព្រោះខ្ញុំនៅមានក្ដីរំភើបនឹងឆាកសម្ដែង និងជាមួយអ្នកគាំទ្រ។ ប៉ុន្តែវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះខ្ញុំចង់បញ្ចប់ការសិក្សា»។
Alex លោកបានបញ្ជាក់យ៉ាងច្បាស់ថា តារា K-Pop ដែលគួរជាទីប្រាថ្នាចង់បាន គួរតែមើលទៅអស្ចារ្យហួសពីការស្មាន។ ពួកគេគួរតែគិតឲ្យហ្មត់ចត់បំផុត ប្រសិនបើនេះជាផ្លូវដែលពួកគេចង់ដើរ ។
«ជាការពិតណាស់ វាជាការសប្បាយ ពេលបាននៅលើឆាក ។ វាជាកាដូដ៏អស្ចារ្យ ហើយខ្ញុំពេញចិត្តណាស់។ ប៉ុន្តែអ្នកណាក៏ដោយ ដែលក្លាយជាតារា K-Pop ក៏ត្រូវដឹងច្បាស់ពីអ្វីដែលពួកគេកំពុងដើរចូលនោះដែរ»។ នេះជាការបន្ថែមរបស់ Alex។
Alex ក៏មិនភ្លេចលើកយកចំនុចសំខាន់ ដែលត្រូវចៀស និងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការប្រព្រឹត្តិរឿងអ្វីមួយក្នុងពិភពសិល្បៈ។
១. នយោបាយ
ជាដំបូង Alex បាននិយាយថា តារាល្បីៗ គួរតែជៀសវាងនិយាយអំពីប្រធានបទមួយចំនួន ដូចជារឿងនយោបាយ ។ វាជាប្រធានបទដែលអាចនឹងនាំពួកគេចូល ក្នុងទឹកក្តៅបានយ៉ាងងាយ បើហ៊ានតែនិយាយខុសមួយម៉ាត់ ។ ជារួម តារា K-Pop មិនគួរនិយាយពីរឿងនយោបាយទេ។
២. ការជក់បារី
ការជក់បារី ក៏ជារឿងមួយ ដែលពិបាកគេចផុតពីពិភព K-Pop បានដែរ ។ ក្រៅពីកេរ្តិ៍ឈ្មោះត្រូវបានសាយភាយអាក្រក់ ក្នុងប្រទេសកូរ៉េខាងត្បូងហើយ វាក៏ជះឥទ្ធពិលមិនល្អដល់សំឡេង របស់អ្នកចម្រៀងដែរ ។
៣. ជប់លៀងខ្លាំងពេក
Alex ក៏អះអាងយ៉ាងមុតមាំដែរថា បើជប់លៀងសប្បាយក្នុងកម្រិតមធ្យមមិនមានបញ្ហាចោទខ្លាំងនោះទេ ប៉ុន្តែប្រសិនជប់លៀងញឹកពេក ឬក្នុងលក្ខណៈជោគជាំ នឹងមិននាំទៅរកផលឡើយ។
៤. ការណាត់ជួប ឬមានស្នេហា
ដូចដែលប្រិយមិត្តបានដឹងហើយថា ការជាប់ពាក់ព័ន្ធក្នុងរឿងស្នេហា តែងតែធ្វើឲ្យតារា K-Pop ទទួលរងនូវព្យុះព័ត៌មានអាស្រូវ ខូចកេរ្តិ៍ឈ្មោះ ខណៈអ្នកគាំទ្រភាគច្រើន ប្រកាន់ច្រើន។
ប្រសិនបើតារាទាំងនោះ ស្ថិតក្នុងពេលទើបតែបង្ហាញមុខលើសិល្បៈ (Debut) យកល្អ កុំយកខ្លួនទៅពាក់ព័ន្ធនឹងរឿងស្នេហាល្អជាង។
ចុះប្រិយមិត្តវិញ គិតយ៉ាងណាដែរ ចំពោះការលើកឡើងរបស់ អតីតតារា K-Pop រូបនេះ?