នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញ វត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិត ពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទ មេបុណ្យខាងលិច។

វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផល នៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំង បង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ព្រមទាំងផ្តល់ជាឱកាស ដល់ការងារសិក្សាស្រាវជ្រាវ នានាផង។
បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិ អប្សរាបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាលដំណាលគ្នា នឹងប្រាសាទមេ បុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ ។ ចំណែកភាជន៍ ដែលមានរូប ពុទ្ធបដិមានៅក្នុងវិញ អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា ៕



