អ្នកច្នៃម៉ូដសម្លៀកបំពាក់ចំនួន ៦ រូប ដែលសុទ្ធសឹងជាបុគ្គល ឆ្នើមមានស្នាដៃ អស្ចារ្យប្រចាំវិស័យម៉ូដ ត្រៀមខ្លួនរួចស្រេចក្នុងការបង្ហាញ ជូននូវទស្សនីយភាពនៃម៉ូដថ្មី ចេញពីការសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ សម្រាប់កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៣ ក៏ដូចជាអបអរគម្រប់ខួប ១០ឆ្នាំ របស់កម្មវិធីដ៏ពិសេសនេះផងដែរ។

Phnom Penh Designers Week នឹងប្រារព្ធឡើង ជាផ្លូវការនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Tribe ដោយមានការចូលរួមពី សំណាក់បុគ្គលល្បី ក្នុងវិស័យម៉ូដជាច្រើន។ អ្វីដែលអស្ចារ្យកម្មវិធីនៅឆ្នាំនេះ ក៏នឹងមានការបង្ហាញឈុតថ្មីៗ ជាការច្នៃយ៉ាងយកចិត្ត ទុកដាក់របស់អ្នកច្នៃម៉ូដឆ្នើម ៦ រូប រួមមាន SEMURIAN, AMBRE MEN, DON PROTASIO, A.N.D, DREWE TAYLOR និង Phoung by S។

ជាក់ស្ដែងសម្រាប់ ប្រធានបទ ដែលបានកំណត់ នៅរដូវកាលថ្មីនេះ គឺ ” CURATED WISDOM” ដោយអ្នកច្នៃម៉ូដ បានបញ្ចូល អារម្មណ៍ផ្ទាល់ទៅក្នុងម៉ូដសម្លៀក បំពាក់ដែលខ្លួនរៀបចំ ហើយក៏ត្រៀមធ្វើឲ្យគ្រប់គ្នាដែលបានឃើញភ្ញាក់ផ្អើលដែរ។ Phnom Penh Designers Week ក៏ត្រូវបានឧបត្ថម្ភដោយ Minerva TV, សារព័ត៌មាន Sabay, ទស្សនាវដ្ដី Sovrin, Tribe Hotel និង Fever_Tree ផងដែរ។

យ៉ាងណាមិញ មុនចាប់ផ្ដើមកម្មវិធីជាផ្លូវការ Phnom Penh Designers Week ក៏បានអញ្ជើញអ្នកច្នៃម៉ូដ តារាបង្ហាញម៉ូដល្បី ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន មកជួបជុំគ្នា ក៏ដូចជាណែនាំខ្លួនកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ផងដែរ ។ វត្តមានអ្នកគ្រប់គ្នាដែលបាន ចូលរួមក្នុងកម្មវិធី កាន់តែញ៉ាំងឲ្យពេលវេលាថ្ងៃនោះមានន័យ ពិសេសក៏រឹតតែធ្វើឲ្យអ្នកគាំទ្រ ជាច្រើនរូបទន្ទឹងទស្សនាការបង្ហាញម៉ូដថ្មីៗនៅថ្ងៃកម្មវិធីផ្លូវការ ពោលគឺនៅថ្ងៃទី ០២ ខែធ្នូ ខាងមុខនេះ ៕
