ត្បិតមិនសូវបានបញ្ចេញមុខ នៅលើវិស័យសិល្បៈ តារាចម្រៀងមុខស្រស់ សុគន្ធ នីសា មានភាពមមាញឹកនៅក្នុងមុខជំនួញផ្ទាល់ខ្លួន ដោយជាក់ស្តែងនាពេលថ្មីៗនេះ គេសង្កេតឃើញម្ចាស់បទ “ស្រឡាញ់អូនឱ្យច្រើនៗ” រូបនេះ បង្ហាញខ្លួននៅក្នុងកម្មវិធីខួប ៥ឆ្នាំ នៃ The K Clinic ដែល នីសា ជាសហស្ថាបនិក ។

តារាចម្រៀង សុគន្ធ នីសា បានឱ្យដឹងថា ចំពោះការងារសិល្បៈ គឺមិនអាចនៅស្ថិតស្ថេរ បានជាប់រហូតនោះទេ ហេតុដូចនេះ ទើបអ្នកនាង ចាប់យកមុខជំនួញមួយជាក់លាក់ ត្រៀមឱ្យហើយ ។ ទន្ទឹមនឹងនេះ តារាចម្រៀងរូបស្រស់រូបនេះ បានបន្តទៀតថា “ជាតារាម្នាក់ នៅក្នុងវិស័យសិល្បៈ មានភាពបារម្ភទៅលើប្រជាប្រិយភាព ដូចជាតួយ៉ាងប្រសិនបើសូវចេញបទចម្រៀងថ្មី នោះអាចធ្វើឱ្យយើងបាត់បង់ ប្រជាប្រិយភាពទៅតាមហ្នឹងដូចគ្នា”។ អ្នកនាង សុគន្ធ នីសា ថ្លែងប្រាប់នេះ នៅក្នុងកម្មវិធីអបអរខួប៥ឆ្នាំ របស់ គ្លីនិចថែរក្សាសម្ជស្ស The K Clinic ដែលអ្នកនាង ជាសហស្ថាបនិក។

វត្តមានរបស់អ្នកនាង សុគន្ធ នីសា នៅក្នុងពិធីអបអរខួប ៥ឆ្នាំរបស់ The K Clinic នេះ បានធ្វើឱ្យប្រិយមិត្ត ដែលគាំទ្រ អ្នកនាង ភ្ញាក់ផ្អើល ដោយសារតែ ពេលកន្លងមក តារាចម្រៀងរូបនេះ មិនដែលបង្ហាញថា មានមុខជំនួញផ្សេង ក្រៅពីអាជីពនៅក្នុងសិល្បៈនោះទេ ។ យ៉ាងណាមិញ អ្នកនាង សុគន្ធ នីសា បានបញ្ជាក់ថា អ្នកនាងមិនចង់លាក់បាំងហ្វេនទេ ដោយអ្នកនាងបានលើកមូលហេតុថា ដោយសារតែរង់ចាំ ដល់ពេលវេលាមួយ ដែលមុខជំនួញ មួយនេះរលូន ហើយការងារដំណើរការទៅមុខល្អ ទើបចាំបង្ហាញដល់ ហ្វេនអ្នកគាំទ្រឱ្យដឹងតែម្តង ៕



