រដ្ឋបាលជលផល បានអំពាវនាវឱ្យបងប្អូនដែលកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែលឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។
ការអំពាវនាវនេះ បន្ទាប់ពីថ្មីៗ មានបងប្អូនខ្លះបានលែងត្រីដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះ អាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក។ វារីសត្វ ឬប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេស មួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឱ្យប៉ះពាល់ដល់ពូជក្នុងស្រុក។
ជាមួយគ្នានោះ រដ្ឋបាលជលផលក៏បានហៅសកម្មភាពលែងត្រីរ៉ស់យក្សដែលមានប្រភពពីទន្លេអាម៉ាហ្សូន ចូលទន្លេសាប ដែលត្រូវបានបង្ហោះចូលក្នុង TikTok កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ គឺជាសកម្មភាពដែលត្រូវចៀសវាង និងមិនត្រូវឱ្យកើតមានតទៅទៀតឡើយ។
យ៉ាងណាមិញ រដ្ឋបាលជលផល ក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្តើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃ ក្នុងការចូលរួមថែរក្សាការពារនូវធនធានជលផល៕