ការប្រគំតន្ត្រី The Eras Tour របស់ Taylor Swift មិនត្រឹមតែជាការប្រគំតន្ត្រី ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍វប្បធម៌ ដ៏សំខាន់ដែលនាំមកនូវប្រាក់ចំណូល យ៉ាងច្រើនដល់ទីក្រុងដែលវាបានទៅដល់ ឬឆ្លងកាត់ផងដែរ។ នៅអាស៊ី មានប្រទេសតែពីរប៉ុណ្ណោះដែលបានអញ្ជើញ Taylor Swift មកសម្តែងគឺប្រទេស ជប៉ុន និងសិង្ហបុរី ។

ក្រោយនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បង្ហាញការសោកស្ដាយដែលមិនអាចនាំ ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ Taylor Swift មកកាន់ប្រទេសថៃនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានទម្លាយថា ប្រទេសនេះក៏បរាជ័យក្នុងការបញ្ចុះបញ្ចូល Taylor Swift ឱ្យមកសម្តែងដែរ។
នាយករដ្ឋមន្ត្រីថៃ Srettha Thavisin

លោក Chung Tae Young – នាយកប្រតិបត្តិ និង ជាអនុប្រធានក្រុមហ៊ុន Hyundai Card
នៅលើគេហទំព័រផ្ទាល់ ខ្លួន លោក Chung Tae Young ដែលគេស្គាល់ច្បាស់ថាជា នាយកប្រតិបត្តិ និងជាអនុប្រធានក្រុមហ៊ុន Hyundai Card បានសម្តែងការខកចិត្ត ដែលបានបាត់បង់ឱកាសក្នុងការអញ្ជើញតារាលំដាប់ពិភពលោកទៅកាន់ប្រទេសកូរ៉េដើម្បីសម្តែង។ លោក Chung Tae Young គឺជាឥស្សរជនដ៏ល្បីមួយរូបនៅក្នុងការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសកូរ៉េ ដោយបានអញ្ជើញសិល្បករអន្តរជាតិ ជាច្រើនមកសម្តែងនៅទឹកដីនៃគីមឈី ថ្មីៗនេះដូច Bruno Mars ជាដើម។

បុរសខ្លាំងម្នាក់នេះបានលើកឡើងថា៖ «យើងគួរតែឮពាក្យ ‘Hello Seoul’ ក្រោយការចរចាជោគជ័យ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវឮពាក្យថា ‘Hello Tokyo’ ជំនួសវិញ។ រដ្ឋាភិបាលនៃប្រទេសផ្សេងៗបានគាំទ្រការជួយក្នុងការចរចាជាមួយ Taylor Swift ហើយយើងមិនអាច សូម្បីតែបង្ហាញការចាប់អារម្មណ៍ក្នុងការចរចា ដោយសារតែកូរ៉េខាងត្បូងអត់មានទីតាំងធំ»។

ប្រទេសជប៉ុន និងសិង្ហបុរី គឺជាប្រទេសអាស៊ីតែពីរប៉ុណ្ណោះដែលបានអញ្ជើញ Taylor Swift ឱ្យសម្តែងសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី The Eras Tour៕
