យោងតាមរបាយការណ៍ ចេញពីសារព័ត៌មាន News1 បានឲ្យដឹងថាលោក Jung Joon Young ត្រូវបានដោះលែងដោយស្ងាត់ៗពីពន្ធនាគារ នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤។ លោកត្រូវបានដោះលែងពីពន្ធនាគារ Mokpo នៅ Jeollanam-do នៅម៉ោង ៥ ព្រឹក (ម៉ោងនៅកូរ៉េ)។
Jung Joon Young ត្រូវបានគេឃើញចាកចេញពីពន្ធនាគារ ក្នុងពណ៌ខ្មៅគ្រឹប ដោយពាក់មួក ម៉ាស និងវ៉ែនតាបិទមុខជិតឈឹង។ លោកបានប្រឈមមុខជាមួយនឹងអ្នកកាសែត ដែលមានវត្តមាននៅទីនោះតែមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែទោះជាជួប ក៏លោកពុំបាននិយាយសូម្បីមួយម៉ាត់។

ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយកំពុង យកចិត្តទុកដាក់លើអ្វីដែល Jung Joon Young នឹងធ្វើនៅពេលអនាគត ខណៈដែលនៅពេលដែលលោក បានសារភាពចំពោះបទឧក្រិដ្ឋរបស់ខ្លួន ដោយនិយាយថា លោកនឹងបញ្ឈប់រាល់ការងារសិល្បៈទាំងអស់។
Jung Joon Young ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារបទល្មើសក្នុងករណី នៃបទឧក្រិដ្ឋក្ដីក្ដាំក្លឹបកម្សាន្ត Burning Sun Scandal ដោយរំលោភផ្លូវភេទលើនារីៗ ដែលស្រវឹង និងចែករំលែកវីដេអូមិនសមរម្យដែលលួចថតស្រីៗ ៕
