កូរ៉េខាងត្បូង ៖ តារាសម្ដែងស្រីកូរ៉េខាងត្បូង នាង Han So Hee ត្រូវបានគេជឿថា បានរិះគន់អតីតមិត្តប្រុសរបស់នាង គឺតារាសម្តែងលោក Ryu Jun Yeol តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមថា ទុកនាងឲ្យដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង ។
យោងតាមសារព័ត៌មាន Newsis ថា បន្ទាប់ពីការបញ្ជាក់ជាសាធារណៈអំពីការបញ្ចប់ទំនាក់ទំនង របស់នាងជាមួយលោក Ryu កាលពីថ្ងៃសៅរ៍ នាង Han បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកគាំទ្រ បាននិយាយថា ធ្វើបានល្អ។ ការដោះស្រាយជាមួយនរណាម្នាក់ ដែលតែងតែនៅស្ងៀម ហើយជៀសវាងអ្វីៗទាំងអស់ ប្រាកដជាពិបាកសម្រាប់អ្នក។ ខ្ញុំសូមជូនពរ ឲ្យអ្នកឆាប់ជាសះស្បើយ ។
ការឆ្លើយតប របស់នាង Han បាននិយាយថា ច្បាស់ណាស់ភាគី ម្ខាងទៀតនៅស្ងៀម ខណៈខ្ញុំព្យាយាមគ្រប់គ្រងស្ថានការណ៍ ឲ្យល្អបំផុតតាមដែល ខ្ញុំអាចធ្វើបាន ។ ការឆ្លើយតបនេះ ត្រូវបានគេមើលឃើញថា សំដៅទៅលើភាព ស្ងៀមស្ងាត់របស់លោក Ryu បន្ទាប់ពីទំនាក់ទំនង របស់ពួកគេត្រូវបានលាតត្រដាង ជាសាធារណៈនៅថ្ងៃទី ១៦ ខែមីនា ត្រឹមតែប៉ុន្មានខែ បន្ទាប់ពីការបែកគ្នាជាមួយតារាចម្រៀង-តារាសម្តែង Lee Hyeri ជាអតីតមិត្តស្រីរបស់លោករយៈពេល ៨ឆ្នាំ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការរិះគន់ប្រឆាំងនឹង នាង Han សម្រាប់ការជ្រៀតជ្រែក ក្នុងទំនាក់ទំនងពីមុនរបស់លោក Ryu ជាមួយ Lee ។ នាង Han ធ្លាប់បានដោះស្រាយការរំពឹងទុកទាំងនេះ ដោយបញ្ជាក់ឲ្យច្បាស់ថា ទំនាក់ទំនង របស់នាងជាមួយលោក Ryu បានចាប់ផ្តើមបន្ទាប់ពីនាង ត្រូវបានជូនដំណឹងអំពីការ បែកបាក់របស់លោក ជាមួយ Lee កាលពីខែមិថុនាឆ្នាំមុន ។
ទោះជាយ៉ាងណាក៏ដោយ សមាជិកមួយចំនួន នៃសហគមន៍អនឡាញបានចង្អុលបង្ហាញថា ការបែកគ្នារបស់ Ryu និង Lee ពិតជាត្រូវបានប្រកាស កាលពីខែវិច្ឆិកាឆ្នាំមុន ដោយបង្កើតជាសំណួរ អំពីភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍របស់នាង Han ។
ក្រោយមក នាង Han បាននិយាយទៅកាន់ Lee នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ជាថ្មី ពីការមិនជាប់ពាក់ព័ន្ធរបស់នាង ក្នុងទំនាក់ទំនងពីមុនរបស់លោក Ryu និង Lee ព្រមទំាងបង្ហាញពីការខកចិត្ត របស់នាងចំពោះការត្រួតពិនិត្យ អវិជ្ជមានដែលនាងជឿថា នាងប្រឈមមុខនឹងសាធារណៈជន ។ ការបង្ហោះនេះត្រូវបានដកចេញភ្លាមៗ បន្ទាប់ពីត្រូវបានបង្ហោះ ៕
ដោយ៖លី ភីលីព