នៅអំឡុងខែមីនា និងដើមខែមេសា ឆ្នាំ២០២៤ នេះ សម្រាប់វិស័យសិល្បៈ គេចាប់អារម្មណ៍ខ្លាំង លើគ្រួសារតារាខ្មែរ ២គូ គឺគ្រួសារតារាចម្រៀង និងជាពិធីករ យ៉ែម សំអូន និងតារាចម្រៀង យឿន ពិសី ។ ក្នុងពេលតែមួយ តែគូ កំពុងកើតទុក្ខ ដោយសារតែជីវិតប្ដី-ប្រពន្ធ ត្រូវដើរដល់ផ្លូវបំបែក និងមួយគូទៀតកំពុងមានក្ដីសុខ ដោយសារជីវិតគូ បានសមប្រកបឡើងវិញ ក្រោយរស់នៅបែកគ្នាជិត ១០ឆ្នាំ ។
ផ្ដើមចេញពីរឿងរ៉ាវ របស់ម្ចាស់ពានCambodia Got Talent យឿន ពិសី ។ លោក បានប្រកាសលែងលះគ្នា ជាមួយភរិយា ដោយបន្សល់ទុកកូនប្រុសតូចៗ ២រូប កំពុងរស់នៅជាមួយអតីតភរិយា ដោយលោកអះអាងថា ជាអ្នកទំនុកបម្រុង ផ្នែកអាហារកិច្ច ដល់កូនរហូតដល់អាយុ ១៨ឆ្នាំ ប៉ុន្ដែរូបលោកនៅពេលនេះបានបង្ហាញមុខគូស្នេហ៍ថ្មីហើយ ។
គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គេនៅមិនទាន់ដឹងច្បាស់ ពីមូលហេតុពិតប្រាកដ ដែលឈានដល់ការលែងលះគ្នា របស់គ្រួសារតារានេះទេ ។ ប៉ុន្ដែលោកបានបញ្ជាក់ម្ដងហើយម្ដងទៀតថា រវាងលោក និងអតីតភរិយា គឺបានព្រមព្រៀងគ្នា ផ្ដាច់សង្វាស ដោយស្ម័គ្រចិត្តរៀងៗខ្លួន ដោយសាររស់នៅលែងចុះសម្រុងគ្នា ។ ទន្ទឹមគ្នានេះ នារីម្នាក់ ដែលលោកបង្ហាញមុខជាសាធារណៈកាលពីពេលថ្មីៗនេះ គឺជាមនុស្សដែលលោកស្រឡាញ់ពិតប្រាកដ ហើយនាងមិនមែនជាអ្នកទី៣ ចូលមកបំបែកលោក និងអតីតភរិយាឡើយ ពោលការភ្ជាប់ចំណងស្នេហ៍ថ្មីនេះ គឺកើតឡើងនៅក្រោយពេលលោក បានលែងលះគ្នាដាច់ស្រេចទៅហើយទេ ។
ការលែងលះយ៉ាងចម្រូងចម្រាស និងចាប់ផ្ដើមស្នេហ៍ថ្មី ជាមួយនារីផ្សេងរបស់តារាចម្រៀង មានបញ្ហាភ្នែក យឿន ពិសី ត្រូវបានសាមីខ្លួនចង់បកស្រាយ ឬតតាំងជាមួយមហាជន ដែលចង់ដឹងរឿងរ៉ាវគ្រួសារលោកច្រើនឡើយ ដោយលោកបញ្ជាក់ថា ៖ “ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកនោះ”។
ងាកពីរឿងឈឺចាប់ មកចាប់អារម្មណ៍ ស្នេហាផ្អែមល្ហែម នៃគូជីវិតរបស់តារាចម្រៀង និងជាពិធីករល្បីឈ្មោះ យ៉ែម សំអូន វិញម្ដង ។ លោកទើបហ៊ាននិយាយ និងបញ្ចេញរូបថត ព្រមទាំងវីដេអូជាសាធារណៈស្ដីពី ការត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីមានទំនាស់ ក្នុងគ្រួសារឈានដល់ការរស់ នៅបែកគ្នារយៈពេលជាង ៩ឆ្នាំ ដោយភរិយា រស់នៅជាមួយកូនស្រីម្នាក់ នៅប្រទេសអូស្រ្ដាលី ហើយរូបលោកផ្ទាល់រស់នៅ និងបំពេញការងារសិល្បៈជាធម្មតា កម្រនឹងនិយាយពីភរិយា និងកូនស្រីណាស់ ។
ប៉ុន្ដែនៅដើមឆ្នាំ២០២៤ នេះ ភ័ព្វសំណាង បានទាញអ្នកទាំងពីរ បានរួមរស់ជាប្ដីប្រពន្ធលើងវិញ ដោយមានកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ជាកាដូលួងចិត្ដទៀតផង ។ ពពកខ្មៅបានរសាត់បាត់អស់ ផ្ទៃមេឃប្រែស្រឡះ ដូចស្នេហាធ្លាប់រស់នៅឃ្លាតឆ្ងាយគ្នា ឥឡូវលោក យ៉ែម សំអូន និងភរិយាឈ្មោះ យ៉ាន់ លីនដា ដែលគេស្គាល់ច្បាស់ថា ជាអតីតពិធីការិនីល្បីឈ្មោះម្នាក់ ធ្លាប់បំពេញការងារយ៉ាងសក្ដិសមបំផុត ជាមួយលោក យ៉ែម សំអូន ក្នុងនាមជាអ្នកដឹកនាំកម្មវិធីមង្គលផ្សេងៗ ។
ចំពោះស្នេហាផ្ទុយគ្នា របស់តារាចម្រៀងទាំងពីរគូនេះ ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រ នៅតែស្រឡាញ់រាប់អាន ព្រមទាំងផ្ដល់សារលើកទឹកចិត្ដច្រើនទៀតផងសម្រាប់គូស្នេហ៍ ដែលកំពុងជួបរឿងលែងលះ ហើយបានជូនពរឲ្យកាន់តែមានក្ដីសុខ សម្រាប់គូស្នេហ៍ដែលទើបត្រូវរ៉ូវគ្នាឡើងវិញ គឺលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា។ អ្នកគាំទ្រខ្លះលើកឡើងថា៖ “ស្ថានភាពគ្រួសារ ជាពិសេសជីវិតគូ ពុំមានអ្នកណាម្នាក់ច្បាស់ ជាងសាមីខ្លួនឡើយ”៕