អង់គ្លេស៖ថ្មីៗនេះ អតីតប្រធានក្រុម បាល់ទាត់ជម្រើសជាតិ អង់គ្លេស លោក David Beckham បានរីករាយជាមួយការ ដើរលេងជាលក្ខណៈគ្រួសារជាមួយប្រពន្ធ និងកូនរបស់លោក នៅលើនាវា Riva 130 Bellissima Yacht ដែលមានតម្លៃ ១៦ លានផោន ស្មើនឹង ២០ លានដុល្លារអាមេរិកនៅទីក្រុង Miami ។
Page Six បានរាយការណ៍ថា លោក Beckham និងប្រពន្ធ របស់លោក អ្នកនាង Victoria កាលពីសប្តាហ៍មុនត្រូវបាន គេប្រទះឃើញដើរលេងជាមួយកូនៗរបស់ពួកគេនៅលើទូក ហើយពួកគេសុទ្ធតែស្លៀកពាក់ធម្មតាៗ។
យោងតាមកាសែត Mirror របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ទូកថ្មីនេះមានទំហំធំជាងនាវាតម្លៃ ៥ លានផោន ដែលពួកគេបានប្រើប្រាស់ក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ។ ទូកនេះត្រូវបានសរសេរដោយអក្សរ Seven ជាលេខរបស់តារាបាល់ទាត់ ដែលចូលនិវត្តន៍តាំងពីពេលលោកនៅជាកីឡាករជម្រើសជាតិអង់គ្លេស ប៉ុន្តែគេមិនដឹងថា តើគូស្នេហ៍នេះបានទិញវា ឬទើបតែជួលវានោះទេ ។
ទូកទេសចរណ៍នេះត្រូវបានផលិតនៅប្រទេសអ៊ីតាលី មានប្រវែងជិត ៤០ ម៉ែត្រ និងអាចផ្ទុកភ្ញៀវបានរហូតដល់ ១០ នាក់ក្នុងនោះ មានបន្ទប់ចំនួន ៥ទៀត ។ ទូកក៏ត្រូវបានបំពាក់ដោយ Beach Club Wi-Fi និងម៉ាស៊ីនត្រជាក់នៅលើ ទូកទេសចរណ៍ផងដែរ ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាង Victoria បានបង្ហោះរូបថតរូបលើ Instagram អំពីខ្លួននាងកំពុងតែលាបខ្លួនលើទូក។ បច្ចុប្បន្នលោក Beckham គឺជាប្រធានក្លឹបបាល់ទាត់ Inter Miami ក្នុង U.S. Professional League ខណៈដែលភរិយារបស់លោកជាអ្នករចនាម៉ូដ៕
ដោយ៖លី ភីលីព