គ្រែដេករបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នៅក្នុងសណ្ឋាគារ Grand Plaza នារដ្ឋធានីនៃប្រទេសស្លូវេនី ទីក្រុងលូប៊ីអាណា (Ljubljana) ត្រូវបានខាងសណ្ឋាគារដាក់ដេញថ្លៃលក់ចាប់ពីតម្លៃ ៥ពាន់អឺរ៉ូ ឬ ប្រហែលនឹង ៥ ៤០០ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ខាងសណ្ឋាគារ។
Ronaldo បានស្នាក់នៅសណ្ឋាគារ Grand Plaza ស្របពេលដែលគេជួយលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់លេងប្រកួតមិត្តភាពជាមួយនឹងប្រទេសស្លូវេនីកាលពីខែមីនាកន្លងទៅ។ កាលនោះខាងម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល ២ ទល់នឹង ០។
ខណៈពេលស្នាក់នៅទីក្រុងលូប៊ីអាណា Ronaldo មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ។
ជាមួយគ្នានោះដែរ សណ្ឋាគារ Grand Plaza បានសហការជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដាក់ដេញថ្លៃគ្រែដេករបស់ Ronaldo។ ខាងសណ្ឋាគារយល់ឃើញថា «យើងមិនដឹងថា ពេលណាទៀតទេ ដែលយើងមានឱកាសក្នុងការទទួល Ronaldo មកប្រទេសស្លូវេនីម្ដងទៀត»៕