ភ្នំពេញ៖នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុង ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អំណរឆ្នាំថ្មីនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទជាច្រើនរូប។

កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ជាពិសេសត្រៀម ទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលនឹង យាងចុះមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២:២៤នាទីយប់ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ ចំពោះគ្រួសារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សូត្រមន្តតាមលក្ខណៈប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងរំឭកគុណ និងយកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅដល់ចាស់ៗ ជាព្រឹទ្ធាចារ្យកីឡាមួយចំនួនដែលកំពុងមានសកម្មភាពបម្រើកីឡា ហើយក៏ជាពិធីមួយជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយគោរពតាមផងដែរ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។

ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង ៧ សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ការប្រារព្ធពិធីសូត្រមន្ដតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ស្ថាប័នកីឡាកំពូលរបស់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមហាគ្រួសារកីឡាជាតិទាំងអស់ជួបតែសេចក្តីសុខ សេចក្ដីចម្រើន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ពិសេសបេសកកម្មចូលរួមប្រកួតលើឆាកអន្ដរជាតិ សូមដណ្ដើមបានមេដាយជូនជាតិកាន់តែច្រើន៕
ដោយ៖លី ភីលីព
