តារាចំរៀង Kim Ho Joong មាន អាយុ ៣៣ ឆ្នាំ បច្ចុប្បន្នកំពុងស្ថិតក្រោម ការស៊ើបអង្កេតរបស់ប៉ូលីស ពីបទសង្ស័យថា បានបុកហើយរត់គេចខ្លួន បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ។
កាលពីថ្ងៃទី ១៤ ខែឧសភា ស្ថានីយ៍ប៉ូលីស Gangnam នៃទីក្រុងសេអ៊ូល បានប្រកាសថា Kim Ho Joong កំពុងត្រូវបានស៊ើបអង្កេត ពីបទបង្ករគ្រោះថ្នាក់ និងរត់គេចខ្លួន ។ Ho Joong ត្រូវបានគេចោទប្រកាន់ថា បានរត់គេចពីកន្លែងកើតហេតុ បន្ទាប់ពីបានបុក ជាមួយតាក់ស៊ី ដែលធ្វើដំណើរ ក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវ Apgujeong-dong, Gangnam-gu ប្រហែលម៉ោង ១១:៤០យប់ថ្ងៃទី 9 ឧសភា។
បន្ទាប់ពីកើតរឿងហេតុនេះ តំណាងម្នាក់មក ពីក្រុមហ៊ុនរបស់ Kim Ho Joong បានទៅកាន់ប៉ុស្ដិ៍ប៉ូលីស ហើយបានសារភាពថា ខ្លួនពិតជាបានបើក រថយន្តរបស់ Kim Ho Joong ។ ប៉ុន្តែដំបូង Kim Ho Joong បានបដិសេធថាខ្លួនមិនមែនជាអ្នកបើកបរ អំឡុងពេលប៉ូលិសសាកសួរ ប៉ុន្តែក្រោយមកHo Joongបានសារភាពចំពោះច្បាប់ ។
យោងតាមវីដេអូ CCTV ដែលទទួលបាន ដោយ JTBC និងអ្នកផ្សេងទៀត បានឲ្យដឹងថា រថយន្ត SUV ប្រណិតពណ៌ស ដែលកំពុងធ្វើដំណើរក្នុង គន្លងផ្លូវផ្ទុយគ្នា បានបុកជាមួយរថយន្តតាក់ស៊ី ដែលឈប់នៅម្ខាង ខណៈកំពុងបើកបរត្រង់លើផ្លូវពីរគន្លង។ រថយន្តបង្កហាក់ស្ទាក់ស្ទើរមួយសន្ទុះ មុនពេលចេញពីកន្លែងកើតហេតុ ។
បន្ថែមពីលើនេះក្នុងរថយន្តរបស់ Kim Ho Joong បានបាត់កាតមេម៉ូរី ដូច្នេះមិនមានវីដេអូ ដែលបានថតទុកទេ។ ប៉ូលីសគ្រោងនឹងធ្វើការស៊ើបអង្កេត បន្ថែមទៀតទាក់ទងនឹងកាមេរ៉ាក្នុងឡាន ចង់ដឹងថាតើ Kim Ho Joong បើកបរក្រោមឥទ្ធិពលស្រវឹងឬអត់។
ជាមួយគ្នានេះដែរ ភ្នាក់ងាររបស់ Kim Ho Joong គឺ Thought Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ សុំទោសចំពោះឧបទ្ទវហេតុ ដ៏អកុសលនេះ។ ពួកគេបាននិយាយថា “Kim Ho Joong បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយតាក់ស៊ីកាលពីល្ងាចថ្ងៃទី៩។ បន្ទាប់ពីគ្រោះថ្នាក់ Kim Ho Joong បានឈប់រថយន្ត នៅក្នុងផ្លូវលំមួយ ហើយបានទូរស័ព្ទទៅអ្នកគ្រប់គ្រង។ បន្ទាប់ពីទទួលទូរស័ព្ទ Kim Ho Joong អ្នកគ្រប់គ្រងបានទៅ កាន់ប៉ុស្តិ៍ប៉ូលិស ហើយបានកំណត់អត្តសញ្ញាណខ្លួនជាអ្នកបើកបរ។
តារាចម្រៀងប្រុសរូបនេះទទួលបានការស៊ើបអង្កេត ពីប៉ូលិស និងបានធ្វើតេស្ដកម្រិតជាតិស្រវឹង លទ្ធផលបង្ហាញថា គាត់មិនបានបើកបរក្នុងស្ថានភាព ស្រវឹងទេ រង់ចាំលទ្ធផលលម្អិតពាក់ព័ន្ធករណីនេះ ៕