ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ឆ្នាំនេះតារាសម្តែង ស្រីវ័យក្មេង កញ្ញា ស៊ីន ជេននី មានឱកាសចូលរួមដើរ លើកម្រាលព្រំក្រហម Cannes Film Festival 2024 លើកទី៧៧ ជាមួយបងស្រីបណ្តូលចិត្ត ស៊ីន យូប៊ីន។
អ្វីដែលពិសេសខ្លាំងជាងនេះគឺ ជេននី មានឱកាសដើរកម្រាលព្រំក្រហមទីក្រុងកាន ទាំងដែលឆ្នាំនេះនាងទើបអាយុ ២០ឆ្នាំប៉ុណ្ណោះ ពោលគឺក្មេងខ្ចីខ្លាំងមែនទែន សូម្បីតែសាម៉ីខ្លួននាងក៏ទទួលស្គាល់ចំនុចនេះដែរ។

តារាស្រីវ័យក្មេង ស៊ីន ជេននី បានរៀបរាប់ឱ្យដឹង លើទំព័រហ្វេសប៊ុកផ្លូវការថា វាដូចជាក្តីស្រមៃ តែវាជាការពិតដែល ពេលនេះជើងរបស់នាងបានជាន់ លើកម្រាលព្រំក្រហមមួយនេះហើយ ។
ជេននី ទទួលស្គាល់ថា នាងជាសិល្បកររលកក្រោយ បើតាមcredit គឺនៅមិនទាន់គ្រប់គ្រាន់ អាចបំពេញក្តី ស្រមៃឈរលើកម្រាល ព្រំក្រហមនេះបានដោយខ្លួនឯងឡើយ ប៉ុន្តែដោយសារឥទ្ធិពល របស់មនុស្សស្រីដ៏ពូកែ គឺបងស្រីបង្កើតរបស់នាង កញ្ញា ស៊ីន យូប៊ីន ទើបនាងទទួល បានសំណាងដ៏អស្ចារ្យនេះ។

ថ្វីដ្បិតតែលើកនេះ ជេននី មានការជ្រោមជ្រែងពីបងស្រី ក្នុងការដើរកម្រាលព្រំក្រហមទីក្រុងកាន តែនាងសន្យាថា នឹងប្រើប្រាស់សំណាងនេះបង្កើត ទៅជាឱកាសឱ្យខ្លួនឯង ដើម្បីត្រឡប់មកឈរនៅ ទីនេះម្តងទៀត នៅឆ្នាំណាមួយដោយខ្លួនឯង។

តារាស្រីកម្ពុជាវ័យ២០ឆ្នាំ ស៊ីន ជេននី បានលើកយក concept ធីតារំដួល ដើម្បីដើរកម្រាលព្រំក្រហម ហើយនាងពិតជាស្រស់ ស្អាតខ្លាំងណាស់ ក្នុងរ៉ូបពណ៌លឿងខ្លីរំលេចពីផ្ការំដួល ដែលជាផ្កាតំណាងជាតិរបស់ខ្មែរយើង។
បងប្អូនស្រីត្រកូល ស៊ីន ទាំងពីររូបបានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមដោយមោទនភាព បង្ហាញភាពស្រស់ស្អាតចែងចាំងរបស់សិល្បករកម្ពុជា។

វីដេអូ យូប៊ីន និង ជេននី ដឹកដៃគ្នាដើរ លើកម្រាលព្រំក្រហមទីក្រុងកានលើកទី៧៧ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីអ្នកប្រើប្រាស់ social media ហើយពួកគេបានបង្ហាញមោទនភាព ចំពោះទឹកចិត្តដ៏ធំធេង របស់បងប្អូនស្រីទាំងពីរ ដែលបានលះបង់ពេលវេលា ប្រាក់កាក់ ដើម្បីមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ៕


