ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នាវេលាម៉ោងជាង ៣រសៀលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានបបញ្ជូនក្រុមការងារ អូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង ចេញទៅទទួលយកជនរងគ្រោះចំនួន ២នាក់ ដែលបានបើកទូកកន្ទុយវែងមួយគ្រឿង ធ្វើដំណើរពីកោះរ៉ុង មកក្រុងព្រះសីហនុ ហើយវង្វេងទិស និងបាត់ការទាក់ទងអស់មួយថ្ងៃ ដោយជនរងគ្រោះទាំង២នាក់ រួមនឹងទូក បានធ្វេីដំណេីរវង្វេងទៅដល់ម្តុំកោះព្រីង ហួសកោះតាង។
តាមការឱ្យដឹងពីម្ចាស់ទូក ឈ្មោះ ឃាង ភារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ បានបញ្ជាក់ថា កាលពីម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៤ ទូកកន្ទុយវែង ០១គ្រឿង សម្រាប់ដឹកភ្ញៀវទេសចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បានចេញដំណើរ ពីភូមិកោះតូច ក្រុងកោះរ៉ុង ឆ្ពោះមកក្រុងព្រះសីហនុ(ផែទំនប់រលក) លុះដល់វេលាម៉ោង ១៥:៣០នាទីរសៀល ម្ចាស់ទូកមិនទាន់ឃើញ មកដល់ក្រុងព្រះសីហនុ ទើបព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ហើយអ្នកបើកបរទូកបានឆ្លើយថា ទូកជួបភ្លៀងខ្យល់ និងរលកខ្លាំងកំពុងវង្វេង មិនដឹងដល់គោលដៅណាឡើយ ទើបម្ចាស់ទូកឲ្យទម្លាក់ទីតាំងវង្វេង ឃើញថា ទូកនេះ នៅជិតកោះតាង ក្រោយមកក៏ទាក់ទងគ្នាលែងបានបាត់ដំណឹង។
នៅលើទូកមានមនុស្សចំនួន ០២នាក់ ៖ ១.ឈ្មោះ ឆើត ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកបើកបរ លេខទូរស័ព្ទ 0876407434 និងទី២.ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកសុំមកជាមួយ។
សូមរំលឹកថា ក្រោយដឹងដំណឹងនេះភ្លាម អ្នកឧញ៉ា ទៀ វិចិត្រ បានខ្នះខ្នែងអន្តរាគមន៍ ដោយប្រកាសស្វែងរកទូកកន្ទុយវែងមួយគ្រឿង ដែលបានបាត់ការទំនាក់ទំនង ទៅកាន់បងប្អូនប្រជានេសាទ ប្រសិនជួបប្រទះនៅត្រង់ចំណុចណាមួយលើផ្ទៃសមុទ្រ ឱ្យជួយទំនាក់ទំនងមកលេខទូរស័ព្ទ 012 964 893 ។
ជាសំណាងល្អ ក្រោយមានការអន្តរាគមន៍ ពីអ្នកឧកញ៉ា បច្ចុប្បន្នជនរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមការងារអ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព៕