សិល្បៈ និង កម្សាន្ត

វត្តមាននាង Fan Bingbing នៅម៉ាឡេស៊ី អាចទាក់ទាញភ្ញៀវ ទេសចរចិន ១ លាននាក់ មកកាន់ Melaka

VN EXPRESS

ម៉ាឡេស៊ី ៖ ក្នុងនាមជាកំពូលតារា ដ៏មានឥទ្ធិពលបំផុតរបស់អាស៊ី នាង Fan Bingbing ដែលជាឯកអគ្គរដ្ឋទូតទេសចរណ៍នៃទីក្រុង Melaka របស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរចិន ចំនួនមួយលាននាក់ មកកាន់រដ្ឋនៅឆ្នាំនេះ ។

នាង Fan បានបង្ហាញសកម្មភាពលើ Weibo ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមដ៏ធំបំផុតរបស់ប្រទេសចិន កាលពីសប្តាហ៍មុន នៅពេលនាងបាន ទៅទស្សនាទីក្រុងប្រវត្តិសាស្ត្រ Melaka ស្ថិតនៅរដ្ឋដែលមានឈ្មោះដូចគ្នាជាមួយម្តាយរបស់នាង Zhang Chuanmei ជាផ្នែកមួយនៃកម្មវិធី Visit Melaka Year 2024 មានអ្នកតាមដាន ៦៣ លាននាក់ ។

នាងបានទាក់ទាញហ្វូងមនុស្សដោយពាក់អាវប៉ាក់ពណ៌ផ្កាឈូក Nyonya kebaya ជាសម្លៀកបំពាក់ប្រពៃណីរបស់នារីនៅប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសំពត់បាទីកពណ៌ទឹកប៊ិច ដើរលេងសណ្ឋាគារប្រណីត ក៏ដូចជារីករាយជាមួយម្ហូបក្នុងស្រុក។

លោក Datuk Seri Ab Rauf Yusoh នាយករដ្ឋមន្ដ្រី Melaka បាននិយាយថា នាង Fan អាចជួយបង្កើតការទាក់ទាញសម្រាប់ទេសចរណ៍ Melaka ដោយសារឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ លោកបានបន្ថែមថា Fan Bingbing មានឥទ្ធិពល ហើយអ្នកគាំទ្ររបស់នាងនឹងធ្វើតាមនាង ដោយដាក់ Melaka ទទួលបានអត្ថប្រយោជន៍។

នាង Fan Bingbing បាននិយាយថា Melaka ជាតំបន់ទេសចរណ៍តែមួយគត់ មិនដូចកន្លែងទេសចរណ៍ល្បីៗបំផុតនោះទេ។ សម្រាប់ខ្ញុំ វាពិតជាកិត្តិយសណាស់ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍មិត្តភាព Melaka ឆ្នាំ២០២៤ បន្ទាប់ពីជំងឺរាតត្បាតនេះ ចិត្តរបស់ខ្ញុំមិនស្ងប់ទេ ហើយខ្ញុំមិនបានធ្វើដំណើរទៅក្រៅប្រទេសទេ។

នាងបានប្រាប់ អ្នកយកព័ត៌មាន តាមរយៈអ្នកបកប្រែភាសាចិនកុកងឺថា ទោះជាយ៉ាងណាក៏ដោយ ទេសចរណ៍ ក្រោយជំងឺរាតត្បាត បានប្រែជា រស់រវើកម្តងទៀត ហើយប្រជាជនប្រាកដជានឹងជ្រើសរើសកន្លែង ដែលពួកគេមិនធ្លាប់ទៅទស្សនាពីមុនមក ។

Melaka បានទាក់ទាញភ្ញៀវទេសចរ ចំនួន ៨.៦៣ លាននាក់កាលពីឆ្នាំមុន កើនឡើង ៤២.៧៧ភាគរយបើធៀបនឹងឆ្នាំ ២០២២ នៅពេលដែលមានភ្ញៀវ ទេសចរចិនចំនួន២០៤,០០០នាក់ ។ ប្រជាជនចិនជាង ១១៦,០០០ នាក់បានមកលេងរដ្ឋនៅចន្លោះខែមករាដល់ខែមេសាឆ្នាំនេះ ។

ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ នាង Fan ជាប់ឈ្មោះជាតារាដែលមានប្រាក់ខែខ្ពស់បំផុតក្នុងបញ្ជី Forbes China Celebrity ។ ក្នុងឆ្នាំ ២០១៤ នាងបានចូលរួមក្នុងសាលកិត្តិនាម ពិភពលោករបស់ Barbie និងបានក្លាយជាតុក្កតា Barbie ដំបូងរបស់ប្រទេសចិន ខណៈនាងក៏បានបង្ហាញខ្លួន ក្នុងបញ្ជីសម្លៀកបំពាក់ល្អបំផុត របស់ Vanity Fair ក្នុងឆ្នាំ ២០១៥ និង២០១៦ ។

ក្នុងឆ្នាំ ២០១៧ នាង Fan ត្រូវបានចុះបញ្ជីដោយទស្សនាវដ្តី Time ថា ជាបុគ្គលដែលមានឥទ្ធិពលបំផុត ១០០ របស់ពិភពលោក ទោះបីជានាងរក្សា ទម្រង់ទាបជាងពីឆ្នាំ ២០១៨ នៅពេលនាងត្រូវបានពិន័យជាង ១០០លានដុល្លារដោយអាជ្ញាធរចិនពីបទគេចពន្ធ ៕
ដោយ៖លី ភីលីព

Most Popular

To Top