តារាម៉ូដែលជើងចាស់ គង់ ផល្លា រំភើបចិត្ត និងរឹតតែមានមោទនភាព សម្រាប់កូនស្រីច្បងរបស់នាង ដែលត្រឹមវ័យ ១៣ឆ្នាំ ស៊ុយតុន ហ្ល្ររែនផានីតា ក្តោបឱកាសថតស៉្បតពាណិជ្ជកម្ម និងជាម៉ូដែលថតផ្សព្វផ្សាយឱ្យម៉ាកយីហោល្បីឈ្មោះជាប្រេនក្នុងស្រុក និងក្រៅស្រុកប្រចាំនៅកម្ពុជាប្រមាណជិត ១០ ប្រភេទឯណោះ ។

ម៉ូដែលវ័យក្មេង កូនកាត់ខ្មែរ-អង់គ្លេស ហ្ល្ររែនផានីតា បានងក់ក្បាលទទួលស្គាល់ថា នាងពិតជាទទួលបានការងារសិល្បៈខ្លាំងមែនទែនក្នុងឆ្នាំ ២០២៤ ជាពិសេសការថតឱ្យប្រេនធំៗជាច្រើន ។ នាងពេញចិត្តចំពោះការថតទាំងនេះខ្លាំងណាស់ ដោយសារតែវាធ្វើឱ្យបានបង្ហាញនូវភាពជាខ្លួនឯង និងអស្ចារ្យនៃអាជីពជាតារាម៉ូដែល ។

នេះជាជំហាន នៃការផ្លាស់ប្តូរយ៉ាងធំធេងចាប់តាំងពី ហ្វ្ររែន ប្រឡូកអាជីពជាតារាម៉ូដែលក្នុងវិស័យបង្ហាញម៉ូត ហើយក្នុងនាមជាអ្នកម្តាយ អ្នកនាង គង់ ផល្លា ពិតជាស្ងប់ស្ងែងចំពោះកូនស្រី ដែលអាចប្រើប្រាស់សមត្ថភាពយ៉ាងពិតប្រាកដក្នុងអាជីពមួយនេះ ហើយរំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះមិននឹកស្មានថា កូនស្រីពូកែ អាចធ្វើបានល្អបែបនេះខ្លាំងឡើយ។

អ្នកម្តាយរូបនេះបង្ហើបថា នៅអំឡុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ហ្ល្ររែន នឹងត្រូវចេញទៅដើរម៉ូដនៅប្រទេសជប៉ុន រួចបន្តចេញទៅញូយ៉ក សហរដ្ឋអាមេរិក ទៀតផង។ ទៀតសោត អ្នកច្នៃម៉ូដក្នុង ព្រឹត្តិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់ Phnom Penh Designer Week 2024 ក៏បង្ហាញតម្រុយវិជ្ជមានឱ្យ ហ្ល្ររែន ចូលរួមដើរម៉ូដក្នុង Phnom Penh Designer Week នៅឆ្នាំក្រោយផងដែរ។

ភាពជោគជ័យបន្តបន្ទាប់របស់ ស៊ុយតុន ហ្ល្ររែនផានីតា ស្តែងឱ្យឃើញពីធនធានកុមារវ័យក្មេងនៅកម្ពុជា ដែលមានសមត្ថភាព និងទេពកោសល្យ ក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសជាតិ និងរួមចំណែកអភិវឌ្ឃវិស័យម៉ូដែល និងបង្ហាញម៉ូតនៅកម្ពុជាយើងឱ្យឈានទៅមុខថែមមួយកម្រិតទៀត។

ក្រៅពីកូនស្រីច្បងរូបនេះ ស៊ុយតុន វីនីច័ន្ទលីណា ជាកូនស្រីទី២ ក៏ប្រឡូកសិល្បៈដើរម៉ូដយ៉ាង ពេញទំហឹងដូចបងស្រីដែរ ថែមទាំងទទួលឱកាសថតស៉្បត ពាណិជ្ជកម្ម និងធ្លាប់ចេញទៅដើរម៉ូដនៅក្រៅប្រទេសច្រើនលើកទៀត។ ប៉ុន្តែ លីណា នៅពុំទាន់ទទួលឱកាសរួមការងារ ជាមួយប្រេនធំៗនៅឡើយ ដោយសារនៅរៀងខ្មែរ តែអ្នកម្តាយសង្ឃឹមជឿជាក់ថា លីណា នឹងអាចរីកធំធាត់ក្នុងវិស័យនេះ ដូចជាបងស្រី របស់នាងនាពេលអនាគត ៕



