ថ្មីៗនេះ Lisa (BLACKPINK) បានប្រកាសពីការចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា “Rockstar” ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។ មានការទាយទុកមុនថា បទនេះច្បាស់ជានឹងធ្វើឱ្យពិភព K-Pop នៅពេលវាបង្ហាញខ្លួននៅថ្ងៃទី ២៧ ខែមិថុនា ប៉ុន្តែគេនៅចាំមិនភ្លេចថា កន្លងមក Lisa ក៏ធ្លាប់មានស្នាដៃចាស់ ដែលមានឥទ្ធិពលអស្ចារ្យពាសពេញសាកលលោក។
Lisa ធ្លាប់បានបំបែកឯតទគ្គកម្មដែលធ្លាប់ជាតំណែងរបស់កំពូលតារាអាមេរិក Taylor Swift អស់រយៈពេលពីរឆ្នាំពេញឯណោះ
រម្លឹកទៅ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ YouTube បានចេញផ្សាយរបាយការណ៍មួយ ដោយប្រកាសថាបទចម្រៀងទោលរបស់ Lisa មានចំណងជើងថា “LALISA” ឈានដល់ប្រវត្តិសាស្ត្រអស្ចារ្យ ដោយទទួលបានចំនួនចូលមើលជាង ៧៣,៦០០,០០០ ដងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ប៉ុណ្ណោះ។
ជាក់ស្ដែង MV បទ “LALISA” បានបំបែកកំណត់ត្រារបស់ Taylor Swift ដែលមានការចូលមើលវីដេអូចម្រៀងច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងលើ YouTube។ កំណត់ត្រានេះដែរ ធ្លាប់ត្រូវបានសម្រេចបាន កាលឆ្នាំ ២០១៩ ដោយ Taylor Swift ជាមួយនឹងបទចម្រៀងមានចំណងជើងថា “ME!” ដែលមានអ្នកចូលមើលជាង ៦៥,០០០,០០០ ដងក្នុងមួយថ្ងៃ។
ចាប់តាំងពី Lisa ចេញមុខជាតារាទោលមក នាងបានជាប់នៅលើតារាងបទចម្រៀងទូទាំងពិភពលោក ដោយបង្ហាញពីសមត្ថភាព និងប្រជាប្រិយភាពរបស់នាងថាពិតជាមិនធម្មតា។ ដោយឡែកឆាប់ៗនេះ “Rockstar” នឹងក្លាយជាបទទោលថ្មីមួយទៀត ដែល Lisa បានបង្កើតសម្រាប់បន្សល់ជាស្នាដៃពិសេសសម្រាប់ឆ្នាំ ២០២៤៕