រឿងគ្រប់យ៉ាង គ្មានអ្នកណាស្មានដល់ឡើយ ទើបសាងអនុស្សាវរីយ៍ល្អ នឹងគ្នាកាលពីខែឧសភា នៅប្រទេសស្វីស ត្រឡប់មកវិញ តារាសម្ដែង Nine Naphat និង Baifern Pimchanok ក៏ត្រូវឈានដល់ការសម្រេចបែកគ្នា ។

ជាក់ស្ដែងនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ Nine បានបើកសន្នីសិទកាសែតមួយ ដើម្បីប្រកាសជាសាធារណៈថា លោក និង Baifern បានថយក្រោយមួយជំហានម្នាក់ ក្លាយមកត្រឹមមិត្តភ័ក្តវិញហើយ។

លោកបានបន្ថែមថា៖ «ពួកយើងមិនបានខឹងគ្នាទេ យើងមានចេតនាល្អចំពោះគ្នា…ហើយក៏មិនមែនមកពីមានជនទី៣ឯណាដែរ។ ខ្ញុំពុំស្ដាយនូវអ្វីដែលបានកើតឡើងទេ ក្នុងបេះដូងខ្ញុំគាត់នៅតែជានារីដ៏អស្ចារ្យជានិច្ច!…មួយវិញទៀតគ្រប់គ្នាបន្ទោសមកពីម៉ាក់ខ្ញុំ ប៉ុន្តែខ្ញុំសូមនិយាយថា គ្រប់យ៉ាងមិនមែនជាកំហុសអ្នកណាទេ អ្នកដែលខុសគឺខ្ញុំ ដោយសារខ្ញុំមិនបានគ្រប់គ្រងទំនាក់ទំនងនេះឲ្យបានល្អ»។

ទោះជាយ៉ាងណា Nine នៅតែរក្សាជំហរគោរព Baifern ជានិច្ច «Baifern ពិតជាគួរឲ្យស្រឡាញ់! គាត់តែងតែគិតអារម្មណ៍គេជាងខ្លួនឯងទៅទៀត។ គាត់ជាមនុស្សអស្ចារ្យម្នាក់ ដែលតែងតែមានបេះដូងស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា»។

ដំណឺងនៃការចែកផ្លូវគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រសោកសៅពេកទៅហើយ ប៉ុន្តែកាន់តែមានអាណិត Nine ខ្លាំងឡើង ពេលឃើញតារាប្រុសរូបនេះ យំកណ្ដាលហ្វូងអ្នកសារព័ត៌មាន បន្ទាប់ពីចុះពីវេទិកាសន្និសីទកាសែត។

ទាក់ទងនឹងការបែកគ្នាពេលនេះ មនុស្សជាច្រើនបានរិះគន់ម្ដាយរបស់ Nine ចំពោះការមិន «រៀនទទួលស្គាល់ថាកូនប្រុសរបស់ខ្លួនធំហើយ» ហើយកូនក៏មានជីវិតរបស់កូន និងចង់ស្វែងរកក្ដីសុខជីវិតគូដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេក៏គោរពការសម្រេចចិត្តរបស់តារាសម្ដែងរូបនេះដែរ៕

