កម្មវិធី “Cambodia’s Queen of The Catwalk” រដូវកាលទី១ របស់លោក Oliva Kong ទើបបិទបញ្ចប់ ដោយរកឃើញម្ចាស់ ជយលាភីដ៏ស្រស់សោភាម្នាក់ គឺកញ្ញា ទៀន គឹមឆេង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ។

ជារឿងដ៏គួរឲ្យអបអរសាទរ សម្រាប់ម្ចាស់ជយលាភី ។ ទន្ទឹមគ្នានេះ បើងាកទៅមើលម៉ូដែលវ័យក្មេងៗដើរបើកឆាកក្នុងព្រឹត្ដិកាណ៍ដ៏អស្ចារ្យនោះវិញ ក៏មិនធម្មតាដែរ។ វត្ដមានម៉ូដែលក្មេងៗ ដែលទទួលការបង្វឹកពី Ovila kong ក៏ជាផ្នែកមួយជួយភ្នក់ចិត្ដមហាជនដែរ។

ប៉ែន លីងហ្គិច បានក្លាយជាគ្រាប់ពេជ្រ ក្នុងក្រសែភ្នែកទស្សនិកជនទាំងនៅក្នុងកម្មវិធីផ្ទាល់ និងអ្នកទស្សនាតាមការ Live លើបណ្ដាញសង្គម។ មួយថ្ងៃបន្ទាប់ពីកម្មវិធីបានបញ្ចប់ វីដេអូមួយត្រូវវបានគេចែកចាយបន្ដពីសាមីខ្លួន គឺកុមារី ប៉ែន លីងហ្គិច នៅលើបណ្ដាញសង្គម ហើយពោលពាក្យសរសើរស្ទើរគ្រប់គ្នា ។

ប្រភពច្បាស់ការមួយ បានឲ្យដឹងថា កម្មវិធី Face of kids Cambodia ដែលរៀបចំដោយអ្នកច្នៃម៉ូដ Oliva Kong នឹងរៀបចំប្រកួតក្នុងពេលឆាប់ៗនេះ ទៀតហើយ ហើយកុមារី ប៉ែន លីងហ្គិច នឹងក្លាយជាបេក្ខភាពផ្លូវការតែម្ដង។

ផ្លាស់ពីការដើរម៉ូដ បើកឆាក ក្លាយជាបេក្ខភាពក្នុងកម្មវិធី Face of kids Cambodia ត្រូវគេរំពឹងថា នឹងទទួលបានលទ្ធផលល្អ ដោយយោងលើ ទេពកោសល្យ និងសមត្ថភាពកុមារីវ័យ ១២ឆ្នាំរូបនេះ។ ថ្មីៗនេះ ក៏មានស្ថាប័នព័ត៌មានជាច្រើនបានចុះផ្សាយ បង្ហាញពីសមត្ថភាពរបស់នាង ហើយអ្នកគាំទ្រ ក្មេងតូចនេះក៏កាន់តែមានចំនួនច្រើនឡើងទាំងនៅក្នុងរង្វង់សិល្បៈ និងនៅលើបណ្ដាញសង្គម ៕
