អ៊ីតាលី ៖ តារាចម្រៀងកូរ៉េខាងត្បូង នាង Jennie សមាជិកក្រុម តារាចម្រៀងកូរ៉េស្រី K-pop Blackpink បានបង្កភាពចម្រូងចម្រាស លើបណ្តាញសង្គមនានា បន្ទាប់ពីត្រូវបានអ្នកគាំទ្រ និងទស្សនិកជនឃើញ នាងកំពុងជក់បារីអេឡិចត្រូនិចនៅទីក្រុង Capri ប្រទេសអ៊ីតាលី ។
យោងតាមកាសែត The Korea Times បានឲ្យដឹងថា វីដេអូដែលបានបង្ហោះដោយតារាចម្រៀងនៅលើ YouTube កាលពីថ្ងៃទី ២ ខែកក្កដា បង្ហាញពីការត្រៀមរៀបចំឆាករបស់នាងក្នុងនាមជាតារាម៉ូសម្រាប់កម្មវិធី Jacquemus នៅទីក្រុង Capri ប្រទេសអ៊ីតាលី។
វីដេអូនេះ នាង Jennie អំឡុងពេល តុបតែងមុខ និងធ្វើសក់ ដែលនាងហាក់ដូចជាកំពុងកាន់ និងប្រើប្រាស់បារី អេឡិចត្រូនិច។ នាងត្រូវបានគេសង្កេតឃើញថា មានក្លិនស្អុយ និងហត់ផ្សែង ហើយបើទោះជាវីដេអូនោះត្រូវបានលុបចេញ នៅពេលក្រោយក៏ដោយ ប៉ុន្តែអាកប្បកិរិយារបស់នាង Jennie ត្រូវបានគេរិះគន់យ៉ាងទូលំទូលាយថា មិនសមហេតុផល ជាពិសេសចំពោះបុគ្គលិកដែលធ្វើការនៅជិត។
Korea JoongAng Daily បានរាយការណ៍ថា អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានរាយការណ៍ពីការជក់បារីរបស់នាង Jennie ទៅកាន់ស្ថានទូតកូរ៉េប្រចាំ ប្រទេសអ៊ីតាលី ដោយអះអាងថា ឈុតនេះត្រូវបានថតនៅ Capri និងជំរុញឲ្យមានការស៊ើប អង្កេត និងចាត់វិធានការតឹងរ៉ឹង។
នាង Kim Jennie កើតនៅទីក្រុង សេអ៊ូល តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះបានសិក្សារយៈពេល ៥ ឆ្នាំនៅប្រទេសនូវែល សេឡង់ មុនពេលត្រឡប់មកកូរ៉េខាងត្បូងដើម្បីបង្ហាញមុខជាមួយក្រុម Blackpink ក្នុងឆ្នាំ ២០១៦ ។
ដូចដែលបានរាយការណ៍ដោយ South China Morning Post ថា ទ្រព្យសម្បត្តិសុទ្ធរបស់នាងត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ១០ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូល មរតកណាមួយឡើយ ។ ម្តាយរបស់នាងត្រូវបានគេនិយាយថា ជាម្ចាស់ភាគហ៊ុននៅក្នុង CJ E&M ជាក្រុមហ៊ុនកម្សាន្ត ដ៏លេចធ្លោមួយនៅក្នុង ប្រទេសកូរ៉េខាងត្បូង៕