ឥណ្ឌា ៖ នាង Kim Kardashian ដែលជាអ្នកជំនួញ និងជាតារាសម្តែង ដ៏ល្បីល្បាញ របស់អាមេរិក ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម ធ្វើការរិះគន់យ៉ាងដៃ ចំពោះការស្លៀកពាក់ពណ៌ក្រហម ក្នុងពិធីមង្គលការរបស់កូនប្រុស មហាសេដ្ឋីឥណ្ឌា Mukesh Ambani Anant និង Radhika Merchant នៅទីក្រុង Mumbai ប្រទេសឥណ្ឌា ។
Page Six បានរាយការណ៍ថា នាង Kardashian បានជ្រើសរើសសម្លៀក បំពាក់ពណ៌ក្រហមមិនត្រឹមតែម្តងប៉ុណ្ណោះឡើយ នេះជាលើកទី២ សម្រាប់ការចូលរួមពិធីធំៗ ហើយការសម្លៀកបំពាក់ ពណ៌ក្រហម បានរងការរិះគន់ ពីអ្នកគាំទ្រដែលចង្អុលបង្ហាញថា ពណ៌ក្រហមត្រូវបានពាក់ តាមប្រពៃណីដោយកូនក្រមុំ ក្នុងពិធីមង្គលការឥណ្ឌា។
នៅថ្ងៃទី១២ ខែកក្កដា ដែលជាការចាប់ផ្តើមនៃព្រឹត្តិការណ៍ រយៈពេល ៣ ថ្ងៃដ៏អធិកអធមនោះ អ្នកនិយមសង្គម ត្រូវបានគេឃើញស្លៀកខោជើងវែង ពណ៌ក្រហមជាមួយរ៉ូបប្រវែងកជើងប្រពៃណីឥណ្ឌា។ នាងបានស្លៀកសម្លៀកបំពាក់ពណ៌ក្រហម ជាមួយស្បៃវែងម្តងទៀតកាលពីថ្ងៃទី ១៤ ខែកក្កដា។ ឈុតទាំង២ត្រូវបានរចនា ដោយអ្នកច្នៃម៉ូដឥណ្ឌា Gaurav Gupta ។
ការជ្រើសរើសពណ៌ក្រហម របស់នាងបានបង្កឲ្យមានការពិភាក្សាក្នុងចំណោមអ្នករិះគន់ម៉ូដ និងអ្នកដើរតាម Instagram របស់នាង ដែលបានប្រៀបធៀបវា ទៅនឹងការស្លៀកពាក់ពណ៌ស នៅពិធីមង្គលការលោកខាងលិច ជាពណ៌ដែលជាធម្មតា បម្រុងទុកសម្រាប់កូនក្រមុំតែប៉ុណ្ណោះ ៕