ច្រើនឆ្នាំមកនេះ តារាសម្តែងរូបស្រស់ កញ្ញា មាន សូនីតា បានដាក់ចិត្តដាក់កាយ ក្នុងការប្រម៉ូតផ្សព្វផ្សាយពីក្រមាឱ្យគ្រប់គ្នាបានស្គាល់ និងដឹងពីគុណតម្លៃ នៃក្រមាខ្មែរកាន់តែច្រើនឡើង ។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា
ជាក់ស្តែង តារាស្រីល្បីឈ្មោះនេះមិនត្រឹមតែធ្វើទីផ្សារ សម្រាប់ក្រមាក្នុងស្រុក ប៉ុណ្ណោះទេ ថ្មីៗនេះ នាងបានជ្រើសយកក្រមាខ្មែរ ច្នៃជាឈុតសម្លៀកបំពាក់ ដ៏ប្រណីតចូលរួមដើរ កម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024 លើកទី៧៧ នៅប្រទេសបារាំង ដើម្បីបង្ហាញឱ្យពិភពលោក ឃើញពីភាពស្រស់ស្អាត នៃផ្ទៃក្រឡារបស់ក្រមាខ្មែរ ដែលប្រណីតខ្លាំង អាចយកទៅច្នៃបទបែនបានគ្រប់តម្រូវការ។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា
គួរឱ្យចាប់អារម្មណ៍ខ្លាំង វីដេអូ និងរូបថតស្អាតៗរបស់ មាន សូនីតា បានអណ្តែតលើផ្ទាំង Billboard ធំៗជាច្រើនទីតាំងក្នុងក្រុងភ្នំពេញ រំលេចឱ្យប្រជាជនកម្ពុជាឃើញពីភាពស្រស់ស្អាត របស់កុលស្រ្តីខ្មែរ និងឈុតសម្លៀកបំពាក់បែបសហសម័យច្នៃឡើងពីក្រមា។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា
ជួបជាមួយ រាជនីក្រមា ក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Cambodia’s Queen Of the Catwalk រដូវកាលទី១ កាលពីពេលថ្មីៗ នាងបានបង្ហាញអារម្មណ៍រំភើបរីករាយ សប្បាយចិត្ត លាយឡំអារម្មណ៍ភ្ញាក់ផ្អើល ពេលឃើញរូបភាព និងវីដេអូរបស់ខ្លួនឯង បានអណ្តែតចែកចាយសម្រស់របស់ក្រមាខ្មែរលើផ្ទាំង Billboard ធំៗបែបនេះ។

ច្រើនឆ្នាំមកនេះ សូនីតា មិនដែលត្អួញត្អែរ ពីភាពហត់នឿយក្នុងការប្រម៉ូតផ្សព្វផ្សាយអំពីក្រមាខ្មែរម្តងណាឡើយ ដោយនាងនៅរក្សាជំហរយ៉ាងរឹងមាំ លើការបន្តប្រម៉ូតផ្សព្វផ្សាយពីក្រមានៅកាន់ពិភពលោក។ សិល្បការនីរូបនេះ ចង់ឱ្យប្រជាជនខ្មែរបន្តគាំទ្រក្រមាឱ្យច្រើនឡើង ដើម្បីឱ្យពិភពលោកស្គាល់ថា ក្រមាជារបស់ខ្មែរ។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា
ប្រាប់ត្រង់ៗមិនលាក់លៀម រាជនីក្រម៉ា ថា នាងបានព្យាយាមបង្កើតក្រឡាក្រមាថ្មីៗ បន្តបន្ទាប់ឱ្យទាន់សម័យកាលស៊ីវិល័យ ព្រោះបើយើងប្រើតែទម្រង់ចាស់ៗ អ្នកប្រើប្រាស់អាចនឹងធុញទ្រាន់ តែការបង្កើតក្រឡាថ្មីៗអាចជំរុញឱ្យក្រមាខ្មែរបន្តមានទីផ្សារ ជៀសផុតពីការបាត់បង់ផងដែរ។


រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា
គួរបញ្ជាក់ផងដែរថា ក្រៅពីការងារសិល្បៈដ៏មមាញឹក អតីតម្ចាស់ជយលាភី Freshie Girl លេខ៤ ជំនាន់ទី៨ ឆ្នាំ២០២៩ ក៏ជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ផ្ទះស្រលាញ់ ដែលហាងសម្លៀកបំពាក់នេះផ្តោតលើក្រមាតែម្តង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថៅកែស្រីរូបស្រស់ បានពង្រីកសេវាកម្មបន្ថែមដោយទទួលច្នៃ និងកាត់សម្លៀកបំពាក់សម័យថ្មីតាមតម្រូវការភ្ញៀវ។
មិនត្រឹមជាម្ចាស់ហាង សូនីតា ក៏ដើរតួនាទីជាអ្នកប្រម៉ូតសម្លៀកបំពាក់ផងដែរ។ នាងតែងតែនាំយកឈុតក្រមាថ្មីប្លែកមកចែកជូនប្រិយមិត្តអ្នកគាំទ្រ សូម្បីពេលធ្វើដំណើរទៅលេងក្រៅប្រទេសម្តងៗ ក៏នាងមិនដែលភ្លេចយកឈុតក្រមាច្នៃថ្មីទៅថតម្តងណាឡើយ ព្រោះនាងជឿជាក់លើភាពស្រស់ស្អាតនៃក្រមាដែលស័ក្កសមគ្រប់ទីកន្លែង៕

