ទីក្រុង MULHOUSE: សួនសត្វរបស់ប្រទេសបារាំងមួយកន្លែងបានធ្វើសេចក្តីប្រកាសថា មានប្រភេទស្វាដ៏កម្រឈ្មោះ Rolowayចាប់កំណើតឡើងកាលពីពេលថ្មីៗនេះ។
វិទ្យុអន្តរជាតិរបស់ប្រទេសបារាំងបានធ្វើសេចក្តីរាយការណ៍ថា ក្រុមអជ្ញាធរនៅក្នុង សួនសត្វ និងឧស្យានធម្មជាតិ Mulhouse បាននិយាយថាសត្វស្វានេះបានចាប់កំណើតឡើងប្រហែលជា២សប្តាហ៍មុន ហើយវាត្រូវបានគេដាក់ឈ្មោះថា Owabi ។
ជាមួយគ្នានេះដែក្រុមអជ្ញាធរនៅទីនោះក៏បានបន្តទៀតថា” សត្វស្វា Roloway គឺជាប្រភេទស្វាដែលជិតនឹងផុតពូជ និងកម្របំផុត។ពិសេសជាងនេះទៀត វាកម្រនឹងមានកូនខ្លាំងណាស់។”
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកអភិរក្សសត្វព្រៃ ជឿជាក់ថាមានប្រភេទស្វា Roloway តិចជាង២០០ក្បាល កំពុងរស់នៅក្នុងព្រៃហើយពួកវាគឺជាប្រភេទសត្វដែលជិតផុតពូជជាប់ចំណាត់ថ្នាក់លេខ ២៥ទូទាំងពិភពលោក។
ដោយ៖ ហង្ស សុបញ្ញា