ទីក្រុង Los Angeles ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា យុវជន Pax Thien វ័យ ២១ ឆ្នាំជាកូនប្រុសរបស់អ្នកនាង Angelina Jolie ដើមកំណើតជាជនជាតិវៀតណាមនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរូបយុវជនបានជិះកង់អគ្គិសនីបុកពីក្រោយរថយន្តនៅទីក្រុង Los Angeles ។
Page Six ដកស្រង់ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា យុវជន Pax Thien បានជិះកង់អគ្គិសនីបុកពីក្រោយរថយន្តដែលឈប់ចតនៅភ្លើងក្រហម ខណៈរូបគេកំពុងជិះកង់មិនពាក់មួកសុវត្ថិភាព កាលពីវេលាម៉ោង៥ល្ងាចនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤។
សាក្សីបាននិយាយថា ក្រោយពេលបុកម្ចាស់រថយន្តបានចុះទៅជួយលើកយុវជន Pax Thien មុនពេលមានអ្នកជួយសង្គ្រោះបន្ទាន់មកដល់។ យុវជន Pax Thien ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារមានការឈឺចាប់ត្រង់ត្រគាក និងក្បាល ហើយលោកអាចមានរបួសក្បាល។
ទោះបីជាមានការព្រួយបារម្ភដំបូងអំពីការហូរឈាមខួរក្បាលតិចតួចក៏ដោយ ក៏ស្ថានភាពរបស់យុវជននៅនឹងនរដដែល។ នាង Angelina Jolie នៅជាមួយកូនប្រុសរបស់នាងនៅមន្ទីរពេទ្យ ហើយ ទាំងអ្នកនាង Jolie និងលោក Brad Pitt មិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ៕