ឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំ ៩២៦ ១២៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ នេះបើយោងតាមអនុក្រឹត្យស្តីពី ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ចុះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ជួរភ្នំក្រវាញ គឺជាតំបន់ព្រៃភ្នំនៅប៉ែកនារិតីនៃប្រទេសកម្ពុជា និងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូរបែប។ ជួរភ្នំក្រវាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។
សូមជម្រាបថា ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញនេះ ក្នុងគោលបំណងដូចជា៖
-ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះសម្រាប់វិទ្យាសាស្រ្ត ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត។
-លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
-រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
-ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។
-ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។
-លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕
ប្រភព៖SABAY