កាលពីថ្ងៃទី ០១ ខែសីហា អ្នកបង្កើត YouTube ម្នាក់ឈ្មោះ Zev Rattet បានបង្ហោះរូបភាពនៅលើ Channel របស់ខ្លួន ដោយបង្ហាញពីការជួបជាមួយ IU បានសម្រេច។ លោក និងភរិយាទំនងជាថតរូបជាមួយ IU នៅក្រោយឆាកក្នុងកម្មវិធីមួយរបស់នាងទៀតផង។

តាមការបង្ហាញឱ្យឃើញពីរូបភាព នេះមិនមែនជាការជួបជុំគ្នាធម្មតាទេ។ ខណៈ Rattet បានចូលរួមការប្រគុំតន្ត្រី HEREH WORLD TOUR CONCERT IN OAKLAND របស់ IU កាលពីថ្ងៃទី ៣០ ខែកក្កដា ជាមួយ UAENA (អ្នកគាំទ្រ IU) រាប់ពាន់នាក់ផ្សេងទៀត លោកមានសិទ្ធិផ្តាច់មុខ ដោយត្រូវបានអញ្ជើញដោយម្ចាស់ Concert ផ្ទាល់ទៀត។

Rattet ដែលត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា “Grandpa UAENA” ឬ លោកតាអ្នកគាំទ្រ IU ដោយលោក គឺជាអ្នកគាំទ្ររបស់ IU មួយរយៈមកហើយ ថែមទាំងផ្សព្វផ្សាយបទចម្រៀងរបស់នាងជារឿយៗ តាមរយៈ Channel YouTube របស់លោកទៀតផង។ ត្រឡប់ទៅខែសីហា នៅពេលដែលអ្នកគាំទ្រដូចគ្នា សួរ Rattet ថាតើលោកមានគម្រោងទៅមើល IU ផ្ទាល់ឬអត់ លោកសារភាពដោយចំហថា លោកមិនទាន់ស៊ាំនឹងដំណើរការនៃលក់សំបុត្រទេ ហេតុដូច្នេះហើយលោកមិនច្បាស់ថា តើនឹងអាចទទួលបានកន្លែងនៅក្នុងកម្មវិធីប្រគុំតន្ត្រីដែរឬក៏អត់ទេ។
IU បានកត់សម្គាល់ពីការសោកស្តាយនេះដោយខ្លួននាងផ្ទាល់ ហើយបានផ្ញើការអញ្ជើញពិសេសមួយទៅកាន់លោកតារូបនោះ រួមទាំងបង្ហោះលើ Instagram របស់នាងទៀត។

ក្នុងវីដេអូរៀបរាប់ពីការជួបគ្នាជាមួយ IU លោកតាបាននិយាយថា ខ្លួនបានសន្ទនាជាមួយតារាចម្រៀងរយៈពេល **១៥ នាទី**បន្ទាប់ពីកម្មវិធី។ នាងក៏បានជូនអំណោយដល់លោក រួមទាំងអាល់ប៊ុមដែលមានចុះហត្ថលេខា កូនសោរ ក្រវ៉ាត់ក និងម្ជុលសក់ប្រពៃណីកូរ៉េ។ លោកតា Rattet បន្ថែមដោយមោទកភាពថា លោកបានទៅឱប Idol រូបនេះទៀតផង។

ពេលបានដឹងរឿងនេះហើយ អ្នកគាំទ្រផ្សេងទៀតបានសម្ដែងការសាទរ ចំពោះការជួបជុំមួយនេះជាខ្លាំង ពិសេសចូលរួមរីករាយជាមួយនឹងលោក UAENA៕
