អ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាពិតជានៅចាំស្រីស្អាត លឹម សុធាវី ដែលជាជយលាភីលំដាប់រងទី១ កម្មវិធី Miss Grand Cambodia 2020។ ក្រោយចប់ការប្រកួត សោភារូបស្រស់នេះ បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដើម្បីសាងគ្រួសារដ៏មានសុភមង្គល ទើបធ្វើឱ្យនាងឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់មួយរយៈ។

រូបភាព៖ ហ្វេសប៊ុក Lyly Yaka Il (លឹម សុធាវី)
រៀបការបាន ២ឆ្នាំ សុធាវី និងស្វាមី ទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ ហើយនាងក៏បានវិលត្រឡប់មកបន្តការងារសិល្បៈវិញដូចមុនតាមរយៈការដាក់ពាក្យប្រកួតកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១។ ជាលទ្ធផល អ្នកម៉ាក់សម័យថ្មីរូបនេះ ឈ្នះបានតំណែងលំដាប់រងទី ៤ ពីការប្រកួតដើរម៉ូដដ៏អស្ចារ្យ។

រូបភាព៖ ហ្វេសប៊ុក Lyly Yaka Il (លឹម សុធាវី)
ក្រោយឈ្នះតំណែងលំដាប់រងទី ៤ ភ្លាម ស្រីស្អាត លឹម សុធាវី ស្រាប់តែទម្លាយឱ្យដឹងការពិតដ៏ជូរចត់ ដែលនាងធ្លាប់កើតជំងឺ Baby Blues ក្រោយពេលសម្រាលកូនរួច ដែលជំងឺនេះបានធ្វើឱ្យនាងបាក់ទឹកចិត្តខ្លាំងរហូតមិនហ៊ានចេញក្រៅជួបមុខនរណាឡើយ។
សុធាវី ស្រក់ទឹកភ្នែកតក់ៗពេលរំឮកអតីតកាលធ្លាប់កើតជំងឺ Baby Blues ដែលវាជាជំងឺម្យ៉ាងកើតឡើងនៅពេលដែលអ្នកម៉ាក់មានទំងន់ ឬក្រោយពេលសម្រាល។ បើនិយាយឱ្យស្រួលស្តាប់ គឺជាជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល ហើយបច្ចុប្បន្នស្ទើរតែ៨០%ហើយដែលបញ្ហានេះកើតឡើងទៅលើអ្នកម៉ាក់ថ្មីថ្មោង។

រូបភាព៖ ហ្វេសប៊ុក Lyly Yaka Il (លឹម សុធាវី)
រៀបរាប់ដោយអារម្មណ៍ក្តុកក្តួល ស្រីស្អាតរូបនេះថា នាងបានជួបប្រទះជំងឺនេះអំឡុងពេលសសៃខ្ចី ដោយសារតែនាងមានក្ដីបារម្ភខ្លាំងចំពោះរូបរាងកាយដែលបែកសាច់ហើយឡើងគីឡូខ្លាំងខុសប្រក្រតី ស្បែកក៏មានសង្វា ហើយប្រែជាខ្មៅស្រអាប់ ដែលមើលទៅហាក់ខុសគ្នាដាច់ស្រឡះពីរូបរាងរបស់នាងពីមុន ដែលធ្លាប់តែជាស្រីរូបរាងស្រឡូនស្អាត សាច់សម៉ត់រលោង។
ឥទ្ធិពលនៃជំងឺ Baby Blues ធ្វើឱ្យនាងបាត់បង់ទំនុកចិត្តលើខ្លួនឯង មានសម្ពាធផ្លូវចិត្ត រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត មិនហ៊ានចេញទៅក្រៅជួបនរណាឡើយ។ ប៉ុន្តែសំណាងល្អ សុធាវី មានស្វាមីប្រកបដោយគន្លងធម៌ ចេះយល់ចិត្ត និងដឹងពីទុកលំបាករបស់នាង។ ស្វាមីរបស់នាងតែងប្រើពាក្យលើកទឹកចិត្តភរិយាជាច្រើន រហូតនាងក្លាហានហ៊ានដើរចេញក្រៅផ្ទះ ដើម្បីប្រឈមមុខជាមួយបរិយាកាសជុំវិញខ្លួនជាថ្មីម្តងទៀត។

រូបភាព៖ ហ្វេសប៊ុក Lyly Yaka Il (លឹម សុធាវី)
សុធាវី ស្ទើរតែបោះបង់ចោលខ្លួនឯង សូម្បីការងារសិល្បៈក៏នាងប្រលែងចោលអស់ស្ទើរតែទាំងស្រុង រួមទាំងការប្រកួត Cambodia’s Queen of The Catwalk រដូវកាលទី១ ផងដែរ។ មែនទែនទៅ នាងបានបដិសេធសុំដកពាក្យប្រកួតម្តងរួចហើយ តែដោយសារការលើកទឹកចិត្តល្អៗពីមនុស្សជុំវិញខ្លួនទើបនាងក្លាហានដើរលើឆាកប្រកួតម្តងទៀត។



រូបភាព៖ ហ្វេសប៊ុក Lyly Yaka Il (លឹម សុធាវី)
ពេលនេះស្ថានភាពជំងឺ Baby Blues បានធូរស្បើយច្រើន ហើយនាងក៏ចាប់ផ្តើមទទួលការងារសិល្បៈវិញបណ្តើរៗ ទាំងកម្មវិធីដើរម៉ូដ និងការថតភាពយន្តជាដើម។ អ្នកម្តាយរឹងមាំរូបនេះ ទទួលបានកម្លាំងចិត្តយ៉ាងពេញទំហឹងពីស្វាមីសម្រាប់ការប្រឡូកសិល្បៈជាថ្មីម្តងទៀត តែនាងក៏ត្រូវលៃលកពេលវេលាមើលថែទាំកូនប្រុស និងគ្រួសារផងដែរ៕



