កូនសប្រុស Angelina Jolie និង Brad Pitt គឺ Pax Jolie-Pitt ត្រូវបានបញ្ជូនចេញពីបន្ទប់ ICU ហើយ ប៉ុន្តែត្រូវការពេលវេលាយូរច្រើនខែ ដើម្បីព្យាបាលឱ្យជាសះស្បើយឡើងវិញ។ នេះបើយោងតាមកាសែតបរទេសបានចេញផ្សាយ។
ប៉ុន្មានថ្ងៃបន្ទាប់ពី **Pax **ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយជួបឧបទ្ទវហេតុ នៅថ្ងៃទី ៥ កក្កដា ម្សិលមិញ នេះ Pax ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនចេញពីបន្ទប់ ICU ហើយ បន្ទាប់ពីក្រុមគ្រូពេទ្យបានខិតខំព្យាយាមសង្រ្គោះជីវិត Pax បានដោយជោគជ័យ។

នៅក្នុងដំណាក់កាលនេះ Angelina បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសកម្មភាពសង្គ្រោះជីវិតកូនប្រុសរបស់នាង ដោយទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញយ៉ាងរហ័ស និងយកចិត្តទុកដាក់ថែទាំបានយ៉ាងល្អបំផុត ដែលកូនប្រុសរបស់តារាស្រីរូបនេះទទួលបាន។

យ៉ាងណាមិញ យោងតាម TMZ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថា Pax មិនបានពាក់មួកសុវត្ថិភាព ខណៈកំពុងជិះកង់អេឡិចត្រូនិចនៅក្នុងតំបន់ដែលមានចរាចរណ៍មមាញឹកច្រើន នៅលើមហាវិថី Los Feliz វេលាម៉ោងប្រហែល ៥ល្ងាច បណ្ដាលឱ្យ Pax របួសចំត្រគាក និងក្បាល។

ជាមួយគ្នានេះ គេសង្កេតឃើញ បងប្អូនប្រុសស្រីរបស់ Pax ដូចជា Maddox,Zahara, Shiloh និងកូនភ្លោះ Knox និង Vivienne តែងតែមកលេង និងជួយថែទាំ Pax ជានិច្ច ជាមួយ Angelina៕
