តារាចម្រៀងរ៉េប វណ្ណដា ដែលទើបធ្វើឲ្យព្រឹត្ដិការណ៍បិទបញ្ជប់ នៃកីឡាអូឡាំពិកនៅប្រទេសបារាំង កាន់តែកក្រើក តាមរយៈបទខ្មែរ គឺ “Time to rise” បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ហើយនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ។

ភ្លាមៗ ក្រោយចុះពីយន្ដហោះអម ដោយប្រតិភូកីឡា និងមិត្ដសិល្បៈមួយចំនួន លោក វណ្ណដា បានផ្ដល់បទសម្ភាសន៍ខ្លី ជាមួយអ្នកសារព័ត៌មាននៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ។ លោកបញ្ជាក់ថា “Time to rise” គឺជាបទ ដែលលោកសម្រេចចិត្ដ លើកយកទៅច្រៀង នៅក្នុងព្រឹត្ដិកាណ៍នោះដោយខ្លួនឯង ពោលគឺមិនមែនជាការ កំណត់ដោយគណៈកម្មការ អូឡាំពិកនោះទេ ។
វណ្ណដា៖ “ខ្ញុំមានមោទនភាព ដែលបានលើកទង់ជាតិខ្មែរ ច្រៀងជាភាសាខ្មែរទៅកាន់ ពិភពលោក ក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ ហើយនេះខ្ញុំអាចនិយាយបានថាជាឱកាសមានតែម្ដងគត់ក្នុងមួយជីវិតក៏ថាបាន ព្រោះមិនដឹងថា ពេលណាមានឱកាសល្អដូចនេះទៀតទេ”។

បើតាមតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព រូបនេះ បទ “Time to rise” ដែលស្រែកច្រៀងនៅលើវេទិកា អន្ដរជាតិដ៏ធំមួយនេះ គឺលោកធ្វើដើម្បីឧទ្ទិសដល់លោកតាគង់ ណៃ ផង និងដើម្បីឲ្យអន្ដរជាតិស្គាល់កាន់ តែច្បាស់ពីភាពអស្ចារ្យរបស់កម្ពុជា។ លោកចាត់ទុកថា នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់រូបលោកផ្ទាល់ ក៏ដូចជាលោកតា គង់ ណៃ និងប្រជាជាតិកម្ពុជាទាំងមូល។

សូមរំលឹកថា ពិធីបិទបញ្ចប់ នៃព្រឹត្ដិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលធ្វើឡើង នៅលើទឹកដីបារាំង ទើបបញ្ចប់ទៅ ដោយបន្សល់នូវជោគជ័យ និងស្នាមញញឹមជាច្រើនពីបណ្ដាប្រទេសដែលបានចូលរួម។ ពិធីកំពុងដំណើរការ ស្រាប់តែសំឡេងរបស់ វណ្ណដា ឮឡើងយ៉ាងគ្រលួច ពីរោះរណ្ដំចិត្ដ ធ្វើឲ្យអ្នកចូលរួមអបអរ ក្នុងព្រឹត្ដិកាណ៍នោះ ស្រែកហ៊ោកញ្ជៀវគ្រប់គ្នា ជាពិសេសអនិកជនខ្មែរ រស់នៅប្រទេសបារាំង៕
