មិនមែនជារឿងធម្មតានោះឡើយ សម្រាប់ការវិវត្តន៍ខ្លួនពីតារាសម្តែងអាជីព ទៅជាផលិតករភាពយន្ត ព្រោះវាទាមទារឱ្យបុគ្គលម្នាក់នោះមានឥទ្ធិពល សមត្ថភាព ចំណេះដឹង និងការតាំងចិត្តខ្ពស់ក្នុងប្រឈមបញ្ហាធំៗជាច្រើនដែលកើតឡើងដោយឥតព្រាងទុក។
គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន គេស្រាប់តែប្រទះឃើញតារាសម្តែងស្រីឆ្នើម ២រូប គឺ កញ្ញា ស៊ីន យូប៊ីន និង កញ្ញា រ៉េត សារីតា កំពុងត្រួសត្រាយផ្លូវចូល ទៅក្នុងអាជីព ជាផលិតករភាពយន្ត បន្ទាប់ពីអ្នកទាំងពីរជោគជ័យ លើអាជីពជាតារាសម្តែង ដែលគ្រប់គ្នាទទួលស្គាល់ ពីសមត្ថភាពយ៉ាងពិតប្រាកដ។
១. កញ្ញា ស៊ីន យូប៊ីន កំពុងដឹកនាំរឿង «លួចស្នេហ៍គូដណ្តឹង» វគ្គ ២ ចំណងជើង «គម្លាតរវាងយើង» ជារឿងភាគ សម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ចេញដឹកនាំរឿងលើកដំបូង យូប៊ីន ទទួលបានគ្រប់រស់ជាតិ ផ្អែម ល្វីង ជូរ ចត់ និងភាពស្មុគស្មាញច្រើន។ ប៉ុន្តែ យ៉ាងណា នាងសប្បាយចិត្តដែលបានបំពេញក្តីស្រមៃរបស់ខ្លួនឯង ទោះបីទៅមុខសន្សឹមៗក៏គ្រាន់បើជាងយើងមិនបានចាប់ផ្តើមធ្វើនោះដែរ។
ផលិតករថ្មីថ្មោងរូបនេះ ប្តេជ្ញាប្រើប្រាស់ចំណេះជំនាញ និងទេពកោសល្យសិល្បៈរបស់នាងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមជំរុញវិស័យភាពយន្តខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន។ នាងសង្ឃឹមថា ទស្សនិកជននឹងចូលចិត្តស្នាដៃភាព យន្តដំបូងដែលនាងដឹកនាំការផលិត ហើយប្រសិនបើមានការគាំទ្រនាងនឹងបន្តផលិតភាពយន្តបន្តបន្ទាប់ ឆ្ពោះទៅការផលិតខ្សែភាពយន្តខ្នាតធំផងដែរ។
២. កញ្ញា រ៉េត សារីតា កំពុងសំងំថតភាពយន្តខ្នាតខ្លីមួយ ដែលនាងជាផលិតករដឹកនាំសម្តែងរឿងផ្ទាល់តែម្តង។
ឡើងកាន់តំណែងផលិតករភាពយន្តលើកដំបូង សារីតា រងសម្ពាធ ហើយស្ត្រេសខ្លាំង ព្រោះរឿងស្មុគស្មាញដែលកើតឡើងអំឡុងពេលផលិតភាពយន្ត ពិសេសរឿងលុយកាក់ និងអ្នកសហការឧបត្ថម្ភតែម្តង។
តារាសម្តែងកំពុងវិវត្តន៍ខ្លួនជាផលិតកររូបនេះ សុំមិនបញ្ចេញចំណងជើងរឿងខ្លីកំពុងថតនោះឡើយ ប្រាប់បានតែថា រឿងនេះថតនៅក្នុងរាជធានីភ្នំពេញ និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាផលិតករ នាងផ្តោតសំខាន់លើឆ្អឹងរឿង ប្លង់ថត និងបច្ចេកទេសសម្លេងយ៉ាងល្អិតល្អិន់ ព្រោះនាងមានគម្រោងដាក់រឿងខ្លីនេះតាមមហោស្រពភាពយន្តអន្តរជាតិជាច្រើន តែពុំទាន់អាចប្រាប់ឱ្យដឹងពេលនេះបានឡើយ។
កៅអីផលិតករភាពយន្ត ជាក្តីស្រមៃដ៏ធំររបស់ កញ្ញា រ៉េត សារីតា ដែលនាងតែងតែចង់រុញច្រានខ្លួនឯងឱ្យដល់គោលដៅនោះ ដូចនេះ ទោះបីជួបប្រទះផលលំបាក និងមានសម្ពាធច្រើនក៏នាងមិនចុះចាញ់ឡើយ។ ផ្ទុយទៅវិញ នាងបានអរគុណដល់ក្រុមការងារ រៀមច្បង និងមនុស្សសំខាន់ៗជាច្រើនទៀត តែបានជួយជ្រោមជ្រែងក្នុងការផលិតភាពយន្តខ្លីលើកដំបូង សម្រាប់ចាក់បញ្ចាំងនៅកម្ពុជា និងដាក់តាមមហោស្រពភាពយន្តអន្តរជាតិផ្សេងៗនាពេលឆាប់ៗខាងមុខ៕