ដូចប្រិយមិត្តបានជ្រាបហើយថា កុមារីឆ្លាតវ័យកម្ពុជា ហេង សុរៈផុស្សតី ហៅ Molly ជាតារាម៉ូដែលវ័យក្មេងកម្ពុជាដំបូងគេបង្អស់ ដែលបានចូលរួមកម្មវិធីប្រឡងដើរបង្ហាញម៉ូដ 2024 SEASON 7 CHINESE STAR CHILD MODEL NATIONAL FINALS ដែលប្រព្រឹត្តឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៩-២១ ខែកក្កដា ២០២៤ នៅទីក្រុង Changsha (ឆាងសា) ខេត្ត Hunan (ហួណាន) សាធារណរដ្ឋប្រជាមានិតចិន។

រូបភាព៖ ផ្តល់ឱ្យ
ជាលទ្ធផល ម៉ូដែលវ័យក្មេងកម្ពុជាវ័យ ១៣ឆ្នាំនេះ បានឈ្នះពានរង្វាន់ចំនួន ៥ ពីកម្មវិធីប្រឡងដើរបង្ហាញម៉ូដដ៏ធំនេះ រួមមាន៖ ១- ទទួលបានពាន ១ ពីការដើរបើកកម្មវិធី ២- ទទួលបានពានមាស Top 5 ពី PK (Player Killer) Competition (ក្នុងចំណោមបេក្ខភាព 958 នាក់) ៣- ទទួលបានពានមាស Top 1 ពី Dress Competition (ក្នុងចំណោមបេក្ខភាព 368 នាក់) ៤- ទទួលបានពានមាស Top 4 ពី P & G Competition Clothes (ក្នុងចំណោមបេក្ខភាព 1.125 នាក់) ៥- ទទួលបាន ពាន សំរិទ្ធ ១ ពី CP Competition (ក្នុងចំណោមបេក្ខភាព 135 គូ) ៦- MOJIE Brand Show

រូបភាព៖ ផ្តល់ឱ្យ
នេះជាលើកទី១ ដែលកុមារីកម្ពុជាមានឳកាសបានចូលរួមប្រឡងប្រកួតប្រជែងក្នុងវិស័យដើរម៉ូដរបស់សាធារណរដ្ឋប្រជាមានិតចិន។ ភាពជោគជ័យរបស់ Molly នាពេលនេះ ជាមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា ដែលកូនខ្មែរអាចប្រកួតប្រជែងដណ្តើមពានរង្វាន់លើឆាកអន្តរជាតិ។
មូលហេតុនៃការចូលរួមប្រកួត គឺដើម្បីបង្ហាញអំពីសមត្ថភាព ទេព្យកោសល្យដ៏អស្ចារ្យ ការជឿជាក់របស់ខ្លួន និងដើម្បីបង្ហាញឲ្យពិភពលោកបានដឹង និងស្គាល់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើង តាមរយៈការធ្វើសន្ទរកថា ផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រូបភាព៖ ផ្តល់ឱ្យ
ក្នុងការប្រកួតប្រជែងសមត្ថភាពលក្ខណៈជាតិដ៏ធំមួយរបស់ប្រទេសចិននេះ អ្នករចនាម៉ូដ អូលីវ៉ា គង់ ក៏ត្រូវបានអញ្ជើញ ចូលរួមជាកិត្តិយស ក្នុងការដើរបង្ហាញ ជាមួយនឹង កុមារី ផុស្សតី និងបាននាំយកមកនូវសម្លៀកបំពាក់សហសម័យ «ទេពអប្សរបរមវិស្ណុលោក» សម្រាប់ឱ្យរូបនាង ណែនាំខ្លួន នៅក្នុងកម្មវិធីបើកដ៏អស្ចារ្យផងដែរ។

សម្លៀកបំពាក់ច្នៃម៉ូដដោយកូនខ្មែរ តាមលំនាំរចនាបថបុរាណខ្មែរ ទទួលបានការគាំទ្រជាខ្លាំងក្លាពីសំណាក់ប្រជាជនចិន ដែលបានចូលរួមកម្មវិធីប្រឡងដើរបង្ហាញម៉ូដដោយផ្ទាល់តែម្តង។

រូបភាព៖ ផ្តល់ឱ្យ
គួររំឮកផងដែរថា បច្ចុប្បន្នកុមារី ហេង សុរៈផុស្សតី មានអាយុ១៣ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី៥ នៅគ័ងចូវ ខេត្តគ័ងទុង ប្រទេសចិន។ នាង និងក្រុមគ្រួសារតែងតែធ្វើដំណើរចុះឡើងមកកម្ពុជាជាញឹកញាប់ ដើម្បីជួបជុំក្រុមគ្រួសារ ក៏ដូចជាធ្វើដំណើរកម្សាន្តផងដែរ។

រូបភាព៖ ផ្តល់ឱ្យ
មុនឈ្នះពានរង្វាន់ចំនួន ៥ ពីកម្មវិធីប្រឡងដើរបង្ហាញម៉ូដ 2024 SEASON 7 CHINESE STAR CHILD MODEL NATIONAL FINALS ម៉ូដែលតូចគួរឱ្យស្រលាញ់ Molly ផុស្សតី ក៏ធ្លាប់ចូលរួមដើរបង្ហាញម៉ូដកម្មវិធី GUANGDONG FASHION WEEK នៅទីក្រុងក្វាងចូវ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ផងដែរ។





