ព័ត៌មាននៃ ការចាប់ខ្លួនម្តាយរបស់តារាសម្ដែង Han So Hee ពាក់ព័ន្ធពីបទបើកប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ព័ត៌មានក៏បានឲ្យដឹងផងដែរថា ម្តាយរបស់នាងនៅតែបន្តទារលុយពីកូនទៀត រហូតមកដល់ពេលនេះ។
កាលពីថ្ងៃទី ០៣ ខែកញ្ញា YouTuber ដែលមានឈ្មោះថា Lee Jin Ho បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា “Lend Me Money: Han So Hee’s Shocking Update” នៅលើ Channel របស់ខ្លួន។ ក្នុងវីដេអូ Lee Jin Ho បានលាតត្រដាងថា លោកជាមនុស្សដំបូងគេដែលស៊ើបអង្កេតបញ្ហាបំណុលម្តាយរបស់ Han So Hee។ លោកបានឲ្យដឹងថា លោកបានសន្ទនាផ្ទាល់ជាមួយម្តាយរបស់ Han Seo Hee នៅពេលនោះ។ ក្នុងអំឡុងពេលនោះដែរ អ្នកម្ដាយនោះបានបញ្ជាក់ថាខ្លួន មិនចង់ដាក់បន្ទុកកូនស្រីទេ ហើយនឹងឈប់ទាក់ទងកូនទៀត។
YouTuber Lee Jin Ho
ទោះជាយ៉ាងណាក៏ដោយ Lee Jin Ho បានបន្តទៀតថា «ទោះបីជា Han So Hee ត្រូវបានគេរាយការណ៍ថា បានកាត់ផ្តាច់ទំនាក់ទំនងជាមួយម្តាយ របស់នាងក៏ដោយ វាមិនងាយស្រួលទេក្នុងការបំបែកទំនាក់ទំនងបែបនេះទាំងស្រុង ពោលគឺបានត្រឹមមួយរយៈពេលមួយប៉ុណ្ណោះ។ ប៉ុន្តែម្ដាយរបស់នាងបានបន្តទាក់ទងកូនដដែល» ។
YouTuber ដដែលបានអះអាងថា “ការពិត គឺយ៉ាប់មែនទែន ! នៅពេលដែលពួកគេចាប់ផ្តើមទំនាក់ទំនងឡើងវិញ ម្តាយរបស់នាងបានចាប់ផ្តើម សុំជំនួយផ្នែកលុយកាក់ជាថ្មី ។ លោកស្រីថែមទាំងបានទាក់ទងទៅភ្នាក់ងាររបស់ Han So Hee ដែលធ្វើឱ្យក្រុមការងារឈឺក្បាលមិនតិចទេ”។
ទាក់ទងនឹងកុមារភាពដ៏លំបាករបស់ Han So Hee លោក Lee Jin Ho បានលើកឡើងថា “បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា នៅពេលនាងមានអាយុ ៥ ឆ្នាំ Han So Hee ត្រូវបានជីដូនរបស់នាងយកទៅចិញ្ចឹម។ នៅពេលដែលនាងចូលរៀននៅវិទ្យាល័យ Ulsan ជាកន្លែងដែលម្តាយរបស់នាងរស់នៅ នាង និងជីដូនរបស់នាងខំស្វែងរក និងចង់រស់នៅជាមួយម្តាយ ប៉ុន្តែម្តាយនាងមិនព្រមទទួលទេ ទើបនាំពួកគេទៅរស់នៅដោយឡែកពីគ្នាតែម្ដង”។
លោកបានបន្តទៀតថា «មុនពេលចូលរៀន នៅមហាវិទ្យាល័យ Han So Hee បានជួបការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយទីបំផុតបានបោះបង់ ការសិក្សានៅមហាវិទ្យាល័យ ដោយផ្លាស់ទៅទីក្រុង Seoul ដើម្បីចាប់ផ្តើមធ្វើការជាតារាបង្ហាញម៉ូដ។ ពេលនោះម្តាយដឹងថា កូនរកលុយបាន ក៏ចាប់ផ្ដើមទាមទារជំនួយហិរញ្ញវត្ថុ»។
នៅពេលដែល Han So Hee ទទួលបានភាពល្បីល្បាញ នៅក្នុងវិស័យសិល្បៈ និងក្លាយជាតារាដែលល្បី ទម្លាប់នៃការចំណាយរបស់ម្តាយនាង ក៏កាន់តែរីកចម្រើន ដែលនាំទៅរកបញ្ហាហិរញ្ញវត្ថុជាបន្តបន្ទាប់។ ពីរឿងអាស្រូវ “gye” (គម្រោងសន្សំប្រាក់ប្រពៃណីរបស់កូរ៉េ) រហូតដល់វ័ណ្ឌកករណី “ប្រមូលបំណុល”។ ម្តាយរបស់ Han So Hee បានខ្ចីលុយគេ ដោយប្រើឈ្មោះកូនស្រីរបស់ខ្លួនដែលមិនដឹងរឿងសោះ ជាការបញ្ចាំ។ មានជនរងគ្រោះមិនស្គាល់មុខជាច្រើននាក់ ត្រូវរងគ្រោះដោយសារទង្វើរបស់ម្តាយនាង។
ដោយឡែកកាលពីថ្ងៃទី ០២ខែកញ្ញា ទូរទស្សន៍ Chosun បានរាយការណ៍ថា ម្តាយរបស់ Han So Hee ត្រូវបានចាប់ខ្លួនពីបទរត់ការ លេងល្បែងខុសច្បាប់ជាង ១០ ។ អ្នកស្រី Shin ត្រូវបានគេចោទប្រកាន់ថា បានបើកកន្លែងលេងល្បែងចំនួន ១២ នៅ Ulsan និង Wonju តាំងពីឆ្នាំ ២០២១ រហូតដល់ខែមុន ដោយប្រើប្រាស់ “មនុស្សម្នាក់” បាំងមុខ ។
ជាការឆ្លើយតបនឹងភាពចម្រូងចម្រាស ភ្នាក់ងាររបស់នាងបានចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ថា “Han So Hee ខ្លួននាងបានដឹងពីរឿងនេះតាមរយៈព័ត៌មាននេះ ហើយនិយាយលែងចេញ និងពិបាកចិត្តបំផុត” ។ ភ្នាក់ងារបានសង្កត់ធ្ងន់ថា “យើងចង់រម្លឹកឡើងវិញថា រឿងនេះមិនពាក់ព័ន្ធជាមួយ តារាសម្តែងសូម្បីបន្តិច ហើយនេះ ជាទង្វើរបស់ម្តាយនាងម្នាក់ប៉ុណ្ណោះ” ។ ទីភ្នាក់ងារក៏បានសុំទោសផងដែរ ចំពោះការបង្កភាពមិនស្រួល ចិត្តដល់សាធារណជន ជាមួយនឹងព័ត៌មាននេះ ៕