ភ្នំពេញ ៖ លោក ប៉ិច បូឡែន អនុប្រធានតំណាង លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋាន កីឡាជំនាញ និង កីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ចូលរួមពិធីបើកវគ្គ បណ្តុះបណ្តាលគ្រូបង្វឹក កីឡារាំកម្រិត មធ្យមជាផ្លូវការ ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡាដើម្បីបង្កើន គុណភាពដល់គ្រូបង្វឹករបស់ខ្លួន ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបាននិយាយថា វគ្គបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡារាំកម្រិតមធ្យមនេះ បានចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) រៀបចំដោយសហព័ន្ធ កីឡារាំកម្ពុជា ដោយមានសិក្ខាកាម ចំនួន២៥ នាក់ ស្រី ៥ នាក់មកពីបណ្តាលក្លិបរាំនានា ដែលជាសមាជិកសហព័ន្ធ ។

លោក ប៉ិច បូឡែន អនុប្រធាន សហព័ន្ធកីឡារាំកម្ពុជាមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាល គ្រូកីឡារាំនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីអភិវឌ្ឍ ធនធានគ្រូបង្វឹក ឲ្យទទួលបាននូវពុទ្ធិចំណេះដឹង ជំនាញគ្រូបង្វឹកកីឡារាំ ក្នុងការជួយបង្ហាត់ជំនាញកីឡារាំដល់យុវជន-យុវតីជំនាន់ក្រោយ ។ វគ្គនេះបង្រៀន ដោយលោកគ្រូឧទ្ទេសចំនួន ៤ នាក់ គឺលោក អៀង សំអាត (vj Alaskoo) ទីប្រឹក្សាសហព័ន្ធកីឡារាំ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំ លោកគ្រូ ស៊ូវ តុង គ្រូសហព័ន្ធកីឡារាំ និង កញ្ញា YOU SHU JIE គ្រូសហព័ន្ធកីឡារាំ។

លោកអនុប្រធានបន្តថា ឆ្លៀតក្នុងឱកាសដ៏មានតម្លៃ ក្នុងការចែករម្លែក និងផ្តល់ចំណេះដឹងជំនាញគ្រូបង្វឹកកីឡារាំ និងដល់សិក្ខាកាមនាពេលនេះ និងសូមអរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា គាំទ្រដល់សហព័ន្ធកីឡារាំ កម្ពុជាបន្តទៀត ។ សូមសិក្ខាកាម និងសមាជិកក្លឹបទាំងអស់ ខិតខំប្រឹងប្រែងក្រេបយកនៅពុទ្ធិចំណេះដឹង នូវជំនាញ គ្រូបង្វឹកកីឡារាំ កម្រិតមធ្យម បន្តសាមគ្គីគ្នា ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងនាមអភិវឌ្ឍវិស័យកីឡារាំឲ្យទទួលជោគជ័យ និងមានសក្តានុពល ទាំងលើឆាកជាតិ និងអន្តរជាតិ៕




