ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន សម្រាប់អ្នកស្នេហាវ័យបវរកញ្ញានៅកម្ពុជា ជាមួយការវិលត្រឡប់មកអង្រួន ឆាកបវរកញ្ញាម្តងទៀតរបស់ កញ្ញា ដេត ស្រីនាឌ ដែលគេស្គាល់ថា ជាម្ចាស់មកុដ Miss Grand Cambodia 2019 តែកាលនោះនាងបានខក ឱកាសតំណាងកម្ពុជាចេញ ទៅប្រកួតលើឆាកអន្តរជាតិ ។

រូបភាព៖ ហ្វេសប៊ុក Det Sreyneat
ស្រីនាឌ បានដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Planet Cambodia 2024 ហើយពេលនេះនាងជាបេក្ខភាពផ្លូវការម្នាក់ (MPC 08) ក្នុងចំណោមបេក្ខភាពផ្លូវការទាំង ១០រូប នៃកម្មវិធីសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរ។

រូបភាព៖ ហ្វេសប៊ុក Miss Planet Cambodia
ក្រោយសំងំហ្វឹកហាត់ពង្រឹងសមត្ថភាពអស់ រយៈពេលប្រមាណ ៥ឆ្នាំ បវរកញ្ញារូបស្រស់នេះ មើលទៅរឹតតែមានថាមពល មានភាពរឹងមាំ និងមានជំនឿចិត្តខ្ពស់ក្នុងការប្រកួតប្រជែង ដណ្តើមមកុដជយលាភី ។ មិនតែប៉ុណ្ណោះ ស្រីនាឌ មានមនុស្សជុំវិញខ្លួន និងបុគ្គលសំខាន់ៗជាច្រើននៅចាំជួយជ្រោមជ្រែង លើកទឹកចិត្តនាង សម្រាប់ការត្រឡប់មកអង្រួនឆាកបវរកញ្ញាជាថ្មីនេះ។

រូបភាព៖ ហ្វេសប៊ុក Det Sreyneat
គ្រាន់តែប្រកាសជាបេក្ខភាពផ្លូវការភ្លាម MPC 08 បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលនៅតែស្រលាញ់ ហើយស្វាគមន៍ការវិល ត្រឡប់មកវិញយ៉ាងកក់ក្ដៅ។ នាងប្តេជ្ញា ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតដណ្តើមបវរកញ្ញាភពផែនដីនៃកម្ពុជា ឆ្នាំ២០២៤។ បេក្ខភាព MPC 08 ត្រៀមជាស្រេច ហើយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

រូបភាព៖ ហ្វេសប៊ុក Miss Planet Cambodia
ការវិលត្រឡប់មកវិញរបស់ ដេត ស្រីនាឌ ក្នុងឆ្នាំ២០២៤ ធ្វើឱ្យអ្នកគាំទ្រ និងម្ចាស់ fan page បវរកញ្ញាជាច្រើនសប្បាយចិត្តជាខ្លាំង ព្រោះនាងជាអ្វីដែលពួកគេចង់ឃើញយូរណាស់មកហើយ ដោយសារពួកគេសោកស្តាយរូបសម្រស់ និងសមត្ថភាពដ៏ពូកែរបស់បវរកញ្ញារាងតូចច្រឡឹងនេះ។

រូបភាព៖ ហ្វេសប៊ុក Det Sreyneat
គួររំឮកផងដែរថា កញ្ញា ដេត ស្រីនាឌ បានខកឱកាសតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ Miss Grand International 2019 នៅប្រទេសវេណេហ៊្សូអេឡា ដោយសារតែអ្នកគ្រប់គ្រងបារម្ភពីសុវត្ថិភាព ព្រោះពេលនោះប្រទេសកំពុងមានបញ្ហាអសន្តិសុខ។

ក្រោយខកឱកាសដ៏ធំនេះ ស្រីនាឌ បានងាកមកធ្វើការងារ សិល្បៈក្នុងស្រុកជាច្រើន ធ្វើឱ្យប្រជាប្រិយភាពរបស់ នាងហក់ឡើងខ្ពស់មិនចាញ់ សិល្បកររៀមច្បងនោះឡើយ។ ហើយការវិលមកអង្រួនឆាកបវរកញ្ញាក្នុងឆ្នាំនេះ ត្រូវចិត្តហ្វេនៗស្តូកតែម្តង ព្រោះគ្រប់គ្នាជឿជាក់ថា ស្រីនាឌ ជាបវរកញ្ញាដ៏មានសក្កានុពល អាចរាំរបាំបុរាណខ្មែរ បកស្រាយចម្រៀង លេងឧបករណ៍តន្ត្រីព្យាណូ ដើរម៉ូដ និងធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសទៀត។

រូបភាព៖ ហ្វេសប៊ុក Det Sreyneat
ចង់ដឹងថា សមត្ថភាពរបស់ ស្រីនាឌ វិវត្តន៍ខ្លាំងកម្រិតណា កុំភ្លេចរង់ចាំតាមដានការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីសម្រស់បង្កើតឡើងដោយកូនខ្មែរ Miss Planet Cambodia 2024 នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ!
