កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកKim Jae Joong ជាតារាចម្រៀងកូរ៉េដ៏ល្បីម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ២ ទស្សវត្សរ៍ទូទាំងអាស៊ីបានចែករម្លែកថា គ្រួសារ របស់លោកគាំទ្រលោក ហើយមិនដាក់សម្ពាធ ឲ្យលោករៀបការនៅអាយុ ៣៨ ឆ្នាំ។
កាលថ្ងៃទី១៤ ខែកញ្ញាលោក Kim បានប្រារព្ធការប្រគុំតន្ត្រី “Flower Garden” របស់លោកនៅទីក្រុងហូជីមិញ ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់លោក ដោយទាក់ទាញអ្នកគាំទ្ររាប់ពាន់នាក់ ។ លោកបានសម្តែងការរំភើបចិត្ត ចំពោះការវិលត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីជួបជាមួយអ្នកគាំទ្រ លើកចុងក្រោយក្នុងខែមេសា។
លោកបាននិយាយថា ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការសាទរ របស់អ្នកគាំទ្រ វៀតណាមរបស់ខ្ញុំ ហើយខ្ញុំពិតជាកោតសរសើរចំពោះសេចក្តីស្រឡាញ់ និងការគាំទ្រទាំងអស់របស់អ្នក ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានមុនព្រឹត្តិការណ៍នេះ លោក Kim បានឆ្លុះបញ្ចាំងពីអាជីពរបស់លោក ហើយបានរៀបរាប់ថា គ្រួសាររបស់លោក គឺជាកម្លាំងចិត្តរបស់លោក ដែលជួយលោកឲ្យប្រឈមមុខ នឹងបញ្ហាប្រឈមក្នុងជីវិត។
លោក Kim ត្រូវបានគ្រួសារលោក Kim យកទៅចិញ្ចឹមនៅពេលោកមានអាយុ ៣ ឆ្នាំ បន្ទាប់ពីឪពុកម្តាយបង្កើតរបស់លោកបានលែងលះគ្នា ដោយសារតែបញ្ហាហិរញ្ញវត្ថុ ។ លោកត្រូវបានចិញ្ចឹមជាមួយបងស្រីចាស់ ៨ នាក់ លោកទើបតែដឹងពីការសុំកូនចិញ្ចឹមនៅអាយុ ២០ ឆ្នាំ៕