ទំនាក់ទំនងស្នេហា រវាងតារាសម្តែង លោក មាស វឌ្ឍនៈសម្បត្តិ ហៅ ប៊ឺរី និងអ្នកជំនួញស្រីល្បីឈ្មោះ ម៉ាដាម ដា បានបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្លា ដល់មហាជន តែទន្ទឹមគ្នានោះក៏មានការរិះគន់ យ៉ាងច្រើនសន្ធឹកផងដែរ ថែមទាំងមានអ្នកលើកឡើងថា ប៊ឺរី តោង ម៉ាដាម ដើម្បីសាងភាព ល្បីល្បាញទៀតផង។

មិនខ្វល់ពីការរិះគន់ ប៊ឺរី កាន់តែស្និទ្ធស្នាលជាមួយអ្នកជំនួញស្រីរូបនេះ ថែមទាំងបានប្រកាសឱ្យសាធារណជនដឹងថា ទំនាក់ទំនងស្នេហា របស់អ្នកទាំងពីរជាការពិត មិនមែនលែងល្ខោន បន្លំភ្នែកមហាជននោះឡើយ។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)
លោកគ្មានអ្វីត្រូវខ្លាច ចំពោះពាក្យរិះគន់ លើបណ្តាញសង្គមនោះឡើយ ។ ផ្ទុយទៅវិញ តារាសម្តែងរាងខ្ពស់ស្រឡះនេះ ក្លាហានហ៊ានបណ្តើរអ្នកជំនួញល្បីឈ្មោះនេះ យ៉ាងពេញមុខពេញមាត់ ថែមទាំងបង្ហាញ កាយវិការផ្អែមល្ហែម គ្រប់ពេលទៀតផង។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងមហាព្រឹត្តិការណ៍ ម៉ាដាម ដា មេហ្គាសែល កាលពីពេលថ្មីៗ កំលោះសង្ហា ប៊ឺរី បានច្រានចោលការរិះគន់ ដែលនិយាយថាលោកតោង ម៉ាដាម ដើម្បីភាពល្បីល្បាញ ដោយអះអាងថា គ្រប់យ៉ាងមាន តែសាម៉ីខ្លួន ២នាក់ប៉ុណ្ណោះដែលដឹងច្បាស់ថា ការពិតវាយ៉ាងណា ហើយលោកមិនខឹង ប្រកាន់អ្នករិះគន់ទាំងនោះឡើយ តែសូមឱ្យគ្រប់គ្នាបើកចិត្តស្គាល់ពីលោក និងម៉ាដាម ឱ្យបានច្រើនជាងនេះសិន ជាជាងការវិនិច្ឆ័យដោយគ្រាន់ តែឃើញសកម្មភាព លើបណ្តាញសង្គម។ ប្រសិនបើគ្រប់គ្នាស្គាល់អ្នកទាំងពីរច្រើនជាងនេះ ប្រហែលគ្រប់គ្នាមិនរិះគន់ ឬខមមិនពាក្យអវិជ្ជមានទាំងនោះឡើយ។

ទោះជាយ៉ាងនេះក្តី លោកមិនខឹងប្រកាន់ ចំពោះអ្នករិះគន់នោះឡើយ ព្រោះលោកជឿជាក់ថា ខ្លួនលោកតែម្នាក់មិនអាច ផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ ប៉ុន្តែការពិតនៅតែជាការពិត។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)
ទន្ទឹមការលើកឡើងខាងលើ ម៉ាដាម ដា ក៏បានរៀបរាប់ឱ្យដឹងថា គ្មានអ្វីដែល ប៊ឺរី ត្រូវតោងខ្លួនដើម្បីភាពល្បីល្បាញឡើយ ព្រោះមហាជនស្គាល់ឈ្មោះ បឺរី តាំងពីអ្នកទាំងពីរមិនទាន់ទាក់ទងគ្នាមកម៉្លេះ។ សំខាន់ លោកស្រី និង ប៊ឺរី ពុំធ្លាប់ចំណាយ ពេលសេពគប់គ្នាឡើយ ពោលគឺធ្វើការជាមួយគ្នាធម្មតា តែក៏មានអារម្មណ៍អាចសាង អនាគតជាមួយគ្នាបានតែម្តង។

ទំនាក់ទំនងស្នេហារ បស់អ្នកទាំងពីរមិនធ្វើឱ្យប៉ះពាល់ការងារសិល្បៈឡើយ ប៊ឺរី នៅតែទទួលធ្វើការងារ សិល្បៈតាមលទ្ធភាពជាក់ស្តែងដែលអាចទទួលធ្វើបាន ហើយឆាប់ៗខាងមុខលោកក៏នឹងមានការងារថ្មីៗជាមួយក្រុមហ៊ុន ម៉ាដាម ដា ផងដែរ។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)
សូមជម្រាបផងដែរថា ការរិះគន់មិនអាចបញ្ឈប់ ភាពផ្អែមល្ហែមរបស់ តារាសម្តែងដ៏មានប្រជាប្រិយភាព ប៊ឺរី និង ម៉ាដាម ដា បានឡើយ ដោយថ្មីៗនេះអ្នកទាំងពីរបណ្តើរគ្នាយ៉ាងពេញមុខពេញមាត់ចូលរួមមហាព្រឹត្តិការណ៍ ម៉ាដាម ដា មេហ្គាសែល អមដោយវត្តមានតារាថៃ P’Yoon និងតារាខ្មែរល្បីៗជាច្រើននាក់ថែមទៀតផង៕
