សិល្បៈ និង កម្សាន្ត

តារាម៉ូដែល កូរ៉េខាងត្បូងនាង Shin Hae Ri ទទួលមរណភាពនៅអាយុ ៣២ ឆ្នាំ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលកូរ៉េខាងត្បូង នាង Shin Hae Ri បានទទួលមរណភាព ក្នុងអាយុ ៣២ ឆ្នាំ ដោយមូលហេតុ នៃការស្លាប់នាងនៅមិនទាន់ដឹង ច្បាស់នៅឡើយទេ។

ដកស្រង់ពី Allkpop កាសែត Dan Tri បានរាយការណ៍ថា តារាម៉ូដែលកូរ៉េខាងត្បូងនាង Jo Ji Young ដែលជាមិត្តជិតស្និទ្ធរបស់នាង Shin បានប្រកាសព័ត៌មាននេះ នៅលើគណនី Instagram របស់នាងកាលពីថ្ងៃអាទិត្យ ។ នាង Jo បានសរសេរថា សូមចូលរួមរម្លែកទុក្ខ ដ៏ក្រៀមក្រំបំផុតរបស់គ្រួសារ របស់នាង Hae Ri ដូច្នេះនាងមិនមានអារម្មណ៍ឯកោ ក្នុងដំណើរចុងក្រោយរបស់នាង។

តាមសេចក្តីរាយការណ៍បានធ្វើឡើង នៅទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យថា ដំណឹងមរណភាពរបស់នាង Shin បានធ្វើឲ្យមានការសោកស្ដាយ ពីសំណាក់មិត្តភ័ក្ដិ និងអ្នកគាំទ្ររបស់នាង ។ ពិធីបុណ្យសពរបស់នាង Shin ដែលរៀបចំដោយក្រុមគ្រួសាររបស់នាង។

តារាម៉ូដែលរូបនេះ ទទួលបានការចាប់អារម្មណ៍ ជាសាធារណៈជាលើកដំបូង ខណៈនាងបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតបវរកញ្ញាកូរ៉េ Gyeongnam ឆ្នាំ ២០១២ ។ នាងបានចាប់ផ្តើមអាជីព ជាតារាបង្ហាញម៉ូតរបស់នាង ក្នុងព្រឹត្តិការណ៍ South Korean Racing កាលឆ្នាំ ២០១៤ ហើយបានចាប់ផ្តើម ធ្វើការជា នារីសម្រាប់ការផ្សព្វផ្សាយសិល្បៈក្បាច់គុនចម្រុះរបស់កូរ៉េខាងត្បូង Road Fighting Championship ក្នុងឆ្នាំ២០១៨ ៕

Most Popular

To Top