កូរ៉េខាងត្បូង ៖ តារាសម្តែងកូរ៉េខាងត្បូង Song Hye Kyo បានជាប់ឈ្មោះក្នុងបញ្ជីតារាល្បីប្រចាំប្រទេសកូរ៉េ របស់ទស្សនាវដ្តី Forbes ៥ លើកជាប់ៗគ្នា នាពេលថ្មីៗនេះ នាងបានចាប់ផ្តើមដំណើរកម្សាន្ត ទៅកាន់ប្រទេសអ៊ីតាលី ដើម្បីទៅទស្សនាបឹង Como ជាតំបន់ជាប្រវត្តិសាស្ត្រ របស់ប្រទេសនេះតែម្នាក់ឯង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ការធ្វើដំណើររបស់នាងបានចាប់ផ្តើមនៅទីក្រុង Milan ជាកន្លែងដែលលោកបានទៅទស្សនាបឹង Como ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញក្នុងតំបន់ Lombardy ។ នាង Kyo ស្ថិតនៅក្នុងទីក្រុង Milan សម្រាប់ព្រឹត្តិការណ៍ម៉ូដមួយ កាលពីថ្ងៃអង្គារ ដែលនាងបានចូលរួមក្នុង នាមជាឯកអគ្គរដ្ឋទូតរបស់ម៉ាក។

បឹង Como ស្ថិតនៅចម្ងាយត្រឹមតែ ៥០ គីឡូម៉ែត្រភាគឦសាន នៃទីក្រុង Milan ដោយមានសភាពអ៊ូអរ ស្ថិតនៅក្នុងចំណោមភ្នំ Alps ជារឿយៗត្រូវបានគេហៅថា ជា “រតនភណ្ឌនៃប្រទេសអ៊ីតាលី” ឬ “បឹងឋានសួគ៌”។

បឹងបែបកំណាព្យនេះ បានក្លាយជាកន្លែងសម្រាកដ៏ពេញនិយមសម្រាប់អភិជន និងអ្នកមានតាំងពីសម័យរ៉ូម៉ាំង ហើយនៅតែជាកន្លែងទេសចរណ៍ ដ៏ល្បីមួយដែលសម្បូរទៅដោយសម្បត្តិសិល្បៈ និងវប្បធម៌៕
