ហុងកុង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកដឹកនាំរឿងហុងកុង លោក Ricky Lau និងមិត្តភ័ក្តិរួមអាជីពបានរៀបចំពិធីឧទ្ទិសវិញ្ញាណក្ខន្ធ ដល់តារាសម្តែងក្បាច់គុនលោក Norman Chui និងភរិយារបស់លោក បន្ទាប់ពីលោកបានទទួលមរណភាពនៅថ្ងៃទី១ ខែកញ្ញាកន្លងទៅ។
យោងតាមក្រុមហ៊ុន HK01 បាននិយាយថា កម្មវិធីនេះបានធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលព្រះពុទ្ធនៃប្រាសាទ Dazhi Zen ក្បែរស្ទូឌីយោភាពយន្ត Hengdian ខេត្ត Zhejiang ប្រទេសចិន។ លោក Lau និងសហការីមួយចំនួនបានរៀបចំពិធីនេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោក Chui និងភរិយារបស់លោក។
ចំណែកថវិកាដែលចូលបុណ្យត្រូវប្រើដើម្បីចំណាយលើពិធីបុណ្យសពទំាងមូល ហើយថវិកាដែលនៅសេសសល់ត្រូវបានផ្តល់ឲ្យកូនប្រុសរបស់លោក Chui ឈ្មោះលោក Edward Chui គឺជាកូនប្រុសរបស់លោកជាមួយលោកស្រី Shirley Yim ។
លោក Norman Chui បានទទួលមរណភាពនៅថ្ងៃទី១ ខែកញ្ញា នៅអាយុ ៧៤ ឆ្នាំ ដោយសារជំងឺមហារីកបំពង់អាហារ។ ភរិយារបស់លោក ដែលជាអ្នករាំមកពីប្រទេសចិនដីគោកមានអាយុ ៤៤ឆ្នាំ បានទទួលមរណភាពយ៉ាងសោកសៅភ្លាមៗ បន្ទាប់ពីគាំងបេះដូង។
លោក Chui ទទួលបានភាពល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងឆ្នាំ ១៩៨០ សម្រាប់ការបង្ហាញវីរបុរសក្បាច់គុនក្នុងខ្សែភាពយន្ត ក្រោយមកបានផ្លាស់ប្តូរទៅជាតួចិត្តអាក្រក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ រួមទាំងការបង្ហាញខ្លួនដ៏គួរឲ្យកត់សម្គាល់ក្នុងរឿង “King of Beggars” ជាមួយនឹងលោក Stephen Chow៕