សិល្បៈ និង កម្សាន្ត

តម្លៃអចលនទ្រព្យ របស់តារាសម្តែងកូរ៉េខាងត្បូង នាង Song Hye Kyo កើនឡើងដល់ទៅ ៤.៥ លានដុល្លារ

កូរ៉េខាងត្បូង៖សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា តម្លៃអចលនទ្រព្យរបស់តារាសម្ដែងស្រីជនជាតិកូរ៉េខាងត្បូងដ៏ល្បីល្បាញ នាង Song Hye Kyo ត្រូវបានកើនឡើងដល់ទៅ ៦ ពាន់លានវ៉ុនស្មើនឹង ៤.៥ លានដុល្លារអាមេរិកចាប់តាំងពីការទិញរបស់ខ្លួនក្នុងឆ្នាំ ២០២១ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាម Znews កាសែតកូរ៉េខាងត្បូង News1 បានដកស្រង់សម្តីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Building Road Real Estate ដោយបង្ហាញថា នាង Song បានទិញអគារមួយនៅក្នុងអគារផ្ទះល្វែងដ៏ប្រណិត Hannam the Hill ទីក្រុងសេអ៊ូលមានតម្លៃ ១៩.៥ ពាន់លានវ៉ុនកាលឆ្នាំ ២០២១ ។ អចលនទ្រព្យនេះគ្របដណ្តប់លើផ្ទៃដីជាង ៤៩៤ ម៉ែត្រការ៉េ ឥឡូវនេះត្រូវបានគេវាយតម្លៃថា មានចំនួន ២៥.៥ ពាន់លានវ៉ុន ដែលជួយបង្កើនទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះក្នុងរយៈពេល២ឬ៣ ឆ្នាំ។

របាយការណ៍បង្ហាញថា អគារដែលសាងសង់ក្នុងឆ្នាំ ១៩៨៩ ជាកម្មសិទ្ធិរបស់នាង Song បានទទួលការជួសជុលជាច្រើនដង ហើយត្រូវបានសាងសង់ឡើងវិញទាំងស្រុងក្នុងឆ្នាំ ២០១៤ ដោយមានបន្ទប់ក្រោមដី ២ ជាន់ និងជាន់ផ្ទាល់ដីចំនួន ៤ ដោយបច្ចុប្បន្នវាមានភោជនីយដ្ឋាន និងស្ទូឌីយោ។

បន្ថែមពីលើអគារនេះ ការកាន់កាប់អចលនទ្រព្យរបស់នាង Song រួមមានអាផាតមិនមួយនៅ សង្កាត់ Gangnam ដ៏ធំទូលាយរបស់ទីក្រុងសេអ៊ូល លំនៅដ្ឋាននៅទីក្រុងញូវយ៉ក និងអចលនទ្រព្យមួយចំនួនទៀត។

នាង Song អាយុ ៤៣ ឆ្នាំទទួលបានភាពល្បីល្បាញទូទាំងពិភពលោកតាមរយៈតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា “Autumn in My Heart,” “All In,” “Full House,” “That Winter, the Wind Blows,” “Descendants of the Sun,” “Encounter,” និង “The Glory.”


នាងជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីតារាល្បីកូរ៉េ ទំាង៤០នាក់របស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៧ និងទី ៦ ក្នុងឆ្នាំ ២០១៨ ។ ប្រភពប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់នាង Song មានចំនួនជាង ២០ លានដុល្លារ ៕

Most Popular

To Top