កូរ៉េខាងត្បូង៖លោក Jang Keun-suk តារាសម្តែងកូរ៉េខាងត្បូងដែលល្បីល្បាញ ដោយសារលោកបានដើរតួក្នុងរឿង “You’re Beautiful” ថ្មីៗនេះបានបើកចំហអំពីការភ័យខ្លាច និងបទពិសោធន៍របស់លោកជាមួយនឹងជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនៅលើ YouTube របស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
កាលថ្ងៃទី២៥ ខែកញ្ញា តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហាញនៅលើបណ្តាញ YouTube ផ្ទាល់ខ្លួនរបស់លោកថា ក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំកាលខែតុលាឆ្នាំមុន គ្រូពេទ្យបានរកឃើញភាពមិនប្រក្រតីដែលក្រោយមកត្រូវបានបញ្ជាក់ថា ជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ ភ្ញាក់ផ្អើលជាមួយនឹងការធ្វើរោគវិនិច្ឆ័យនេះ លោក Jang បានរំលឹកពីប្រតិកម្មដំបូងរបស់លោក ដោយគិតថា “តើខ្ញុំនឹងស្លាប់ទេ?” លោកបានសារភាពថា ការលឺពាក្យ ‘មហារីក’ បានធ្វើឲ្យលោកពោរពេញដោយភាពភ័យខ្លាច និងភាពមិនច្បាស់លាស់ ហើយវាត្រូវការពេលវេលាសម្រាប់លោកដើម្បីដំណើរការព័ត៌មាន។
កាលខែមេសា បន្ទាប់ពីត្រូវបានជូនដំណឹងអំពីកាលបរិច្ឆេទវះកាត់របស់លោក លោកបានបញ្ឈប់សកម្មភាពអាជីពរបស់លោកទាំងអស់ ដើម្បីរៀបចំសម្រាប់នីតិវិធីដែលបានធ្វើឡើងក្នុងខែឧសភា។ ការវះកាត់រយៈពេល ៦ ម៉ោងបានទទួលជោគជ័យ ហើយបន្ទាប់ពីការតាមដាន និងធ្វើតេស្តជាច្រើនដង ស្ថានភាពរបស់លោក Jang ឥឡូវនេះមានស្ថេរភាព ហើយសុខភាពរបស់លោកបានត្រឡប់មកធម្មតាវិញ។
លោក Jang បានចែករម្លែកថា លោកសង្ឃឹមថារឿងរបស់លោកអាចផ្តល់ការគាំទ្រដល់អ្នកដទៃដែលឆ្លងកាត់ការតស៊ូស្រដៀងគ្នានេះ។ ដោយឆ្លុះបញ្ចាំងពីដំណើររបស់លោក លោកបានបន្ថែមថាវាបានជួយឲលោកឲ្យទទួលយកទស្សនៈវិជ្ជមានបន្ថែមទៀតលើជីវិត។
ថ្មីៗនេះលោក Jang បានបង្ហាញខ្លួននៅក្នុងរឿងភាគពិតរបស់ Netflix របស់កូរ៉េខាងត្បូង “The Influencer” បានចាក់បញ្ចាំងនៅថ្ងៃទី ៦ ខែសីហា។ លោកបានល្បីល្បាញដោយសារតួនាទីរបស់គាត់នៅក្នុង “Beethoven Virus” (២០០៨) និង “You’re Beautiful” (២០០៩) ។ ក្រោយមកទៀតធ្វើឲ្យលោកទទួលបានរហស្សនាមថា “ព្រះអង្គម្ចាស់អាស៊ី” សម្រាប់ប្រជាប្រិយភាពរបស់លោកនៅក្នុងប្រទេសជប៉ុននិងអាស៊ីអាគ្នេយ៍។
ក្នុងឆ្នាំ ២០១១ លោក Jang បានក្លាយជាសិល្បករមិនមែនជាជនជាតិជប៉ុនដំបូងគេដែលបានបង្ហាញខ្លួនជាលើកដំបូងនៅលើតារាងបទចម្រៀង Oricon របស់ប្រទេសជប៉ុនជាមួយនឹង EP ជប៉ុនរបស់លោក “Let Me Cry” ៕